បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា EU គួរតែកាត់បន្ថយគម្លាតពាណិជ្ជកម្ម របស់ខ្លួន ដោយជំរុញការទិញប្រេង និងឧស្ម័នរបស់អាមេរិក ឬវាប្រថុយនឹងការជាប់ពន្ធនានា ដែលនឹងត្រូវដាក់ដោយសហរដ្ឋអាមេរិក។
យោងតាមទិន្នន័យរបស់ Eurostat បានឱ្យដឹងថា ឱនភាពពាណិជ្ជកម្មទំនិញ របស់សហរដ្ឋអាមេរិក ជាមួយសហភាពអឺរ៉ុបមានចំនួនដល់ទៅ១៥៦ពាន់លានអឺរ៉ូឬត្រូវជា១៦២ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ។
នៅក្នុងការបង្ហោះ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ Truth Social លោក Trump បានសរសេរកាលពីថ្ងៃសុក្រថា EU គួរតែបង្កើតឱនភាពដ៏ច្រើន របស់ពួកគេជាមួយសហរដ្ឋអាមេរិក ដោយការទិញប្រេង និងឧស្ម័នរបស់យើង ក្នុងទ្រង់ទ្រាយធំបើមិនដូច្នេះទេ ពួកគេនឹងប្រឈមមុខ ទៅនឹងការតម្លើងពន្ធ ទាំងអស់គ្នា។
យោងតាម Eurostatដដែលបានឲ្យដឹងថា សហរដ្ឋអាមេរិក បានផ្គត់ផ្គង់៤៧ភាគរយ នៃការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) របស់សហភាពអឺរ៉ុបរួចហើយ និង ១៧ភាគរយ នៃការទិញប្រេងរបស់ប្លុក នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤។
គួរឲ្យដឹងបន្ថែមទៀតទិន្នន័យបង្ហាញថា ការនាំចេញប្រេងឆៅ របស់សហរដ្ឋអាមេរិក ទៅកាន់អឺរ៉ុបមានប្រហែល ពីរលានបារ៉ែលក្នុងមួយថ្ងៃឬ តំណាងឱ្យជាងពាក់កណ្តាល នៃការនាំចេញសរុបរបស់ប្រទេស ដោយនៅសល់ពីនោះគឺ បញ្ជូនទៅកាន់តំបន់អាស៊ី៕
ប្រែសម្រួល៖ស៊ុនលី