ម៉ូស្គូ៖ កាលពីព្រឹកថ្ងៃសុក្រ ប្រទេសរុស្ស៊ី បានបើកការវាយប្រហារជាក្រុមមួយជាមួយនឹងអាវុធដ៏ជាក់លាក់ដែលបាញ់បានក្នុងរយៈចម្ងាយឆ្ងាយ ដើម្បីជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែន មកលើរោងចក្រគីមីរបស់ខ្លួន ជាមួយនឹងមីស៊ីលដែលផលិតដោយប្រទេសលោកខាងលិច ។
ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារបានផ្តោតលើប៉ុស្តិ៍បញ្ជាការសេវាសន្តិសុខរបស់អ៊ុយក្រែន ការិយាល័យរចនារដ្ឋនៅក្រុងគៀវ “Luch” និងទីតាំងនៃប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ Patriot ផងដែរ ។
នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា ការវាយឆ្មក់នេះគឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃពុធរបស់អ៊ុយក្រែនទៅលើរោងចក្រគីមីរបស់រុស្ស៊ី នៅក្នុងតំបន់ Rostov ជាមួយនឹងមីស៊ីលយុទ្ធសាស្ត្រ ATACMS ដែលផលិតដោយសហរដ្ឋអាមេរិកចំនួន៦គ្រាប់ និងមីស៊ីល Storm Shadow ចំនួន៤ គ្រាប់ ។
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងនៅលើបណ្តាញសង្គម Telegram ថា មីស៊ីលរបស់រុស្ស៊ី ចំនួន៥ គ្រាប់បានតម្រង់ទៅលើទីក្រុងគៀវ ប៉ុន្តែត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែននៅវេលាម៉ោងប្រហែល ៧ព្រឹក ត្រូវនឹងម៉ោង៥ និង០០នាទីម៉ោងសកល ។
បំណែកនៃមីស៊ីលដែលបានបាញ់ទម្លាក់បានបណ្តាលឲ្យមនុស្សស្លាប់ និងរបួស ព្រមទាំងធ្វើឲ្យមានការខូចខាតនៅក្នុងសង្កាត់ចំនួន៥នៃទីក្រុង Kievផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា