បរទេស៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ត្រូវតែលាលែងពីតំណែងជាបន្ទាន់ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk បាននិយាយបែបនេះ បន្ទាប់ពីលេចចេញហេតុការណ៍មួយ គឺបុរសដែលដើរកាត់ទីផ្សារបុណ្យណូអែល ដែលមានមនុស្សដ៏ច្រើនក្នុងប្រទេសអាល្លឺម៉ង់ គឺជាជនអន្តោប្រវេសន៍អារ៉ាប់ ដែលមានលិខិតអនុញ្ញាតស្នាក់នៅ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សពីរនាក់ រួមទាំងកុមារម្នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស នៅពេលដែលបុរសអាយុ ៥០ ឆ្នាំម្នាក់ បានបើកឡានដែលជួលចម្ងាយ ៤០០ម៉ែត្រ បំបុកចូលទៅក្នុងហ្វូងមនុស្សនៅទីក្រុង Magdeburg កាលពីថ្ងៃសុក្រ។ អាជ្ញាធរបានកំណត់អត្តសញ្ញាណជនសង្ស័យ ដែលត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ជាវេជ្ជបណ្ឌិតជនជាតិអារ៉ាប៊ីសាអូឌីត ដែលបានផ្លាស់ទៅប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ២០០៦ និងកាន់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍។
ការស៊ើបអង្កេតលើហេតុផល របស់អ្នកបើកបរកំពុងបន្ត ហើយអាជ្ញាធរមិនទាន់បានចាត់ថ្នាក់ជាផ្លូវការថា ឧបទ្ទវហេតុនេះជាអំពើភេរវកម្មនៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានរបាយការណ៍ដំបូងលេចចេញថា ជនសង្ស័យជាជនបរទេស រដ្ឋាភិបាលនៅទីក្រុងប៊ែរឡាំងបានប្រឈមមុខនឹង រលកនៃការរិះគន់ជុំវិញ គោលនយោបាយជនភៀសខ្លួន និងជនចំណាកស្រុក។
លោក Musk បានសរសេរនៅលើ X បន្ទាប់ពីអធិការបតីបានសម្តែងការ រំលែកទុក្ខចំពោះជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេចំពោះ “រឿងអាក្រក់” ដែលបានកើតឡើងនៅ Magdeburg ថា លោក Scholz គួរតែលាលែងពីតំណែងភ្លាមៗ។
មហាសេដ្ឋីរូបនេះបានបន្តអះអាងឡើងវិញ នូវសេចក្តីថ្លែងការណ៍របស់លោកថា “មានតែគណបក្ស AfD (គណបក្សស្តាំនិយម) នោះទេ ដែលអាចជួយសង្គ្រោះប្រទេសអាឡឺម៉ង់” ដែលជំរុញឱ្យមន្ត្រីមួយចំនួន នៅទីក្រុងប៊ែរឡាំងចោទលោក Elon Musk ពីការជ្រៀតជ្រែកការបោះឆ្នោតរបស់អាល្លឺម៉ង់ ៕
ប្រែសម្រួលៈ ណៃ តុលា