ព័ត៌មានអន្តរជាតិ

សម្តេចធិបតី ៖ ផ្ការីកនៅកម្ពុជា ជាផ្ការីកស្រសបំព្រងជាមួយរាជរដ្ឋាភិបាល ខុសពីផ្ការីករបស់មេបក្សប្រឆាំងនាំឲ្យបែកបាក់ជាតិ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ផ្ការីកនៅកម្ពុជា ជាផ្ការីកស្រសបំព្រងជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ខុសស្រឡះពីផ្ការីករបស់អតីតមេបក្សប្រឆាំង ខណៈពាក្យផ្ការីកកំពុងជាប្រធានបទសំខាន់ក្នុងការជជែកពិភាក្សាគ្នា។

ក្នុងឱកាសចូលរួមប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីខេត្តកំពង់ចាមនាព្រឹកថ្ងៃ២១ ធ្នូ សម្តេចធិបតី បានមានប្រសាសន៍លើកឡើងពីផ្ការីកថា ផ្ការីកជាមួយរាជរដ្ឋាភិបាលគឺជាផ្ការីកដែលស្រស់បំព្រងអមដោយភាពញញឹម កុំយកផ្ការីកទៅញុកជាមួយការបែកបាក់ជាតិ។

ដោយមានប្រសាសន៍ទៅលើមេបក្សប្រឆាំងនៅក្រៅប្រទេស សម្តេចគូសបញ្ជាក់ថា “មានមេដឹកនាំនយោបាយនៅក្រៅប្រទេសគេស្រែកថាផ្ការីកដើម្បីធ្វើបដិវត្តន៍ពណ៌ ព្រោះគេប្រើពាក្យផ្កាហ្នឹងច្រើនតែបដិវត្តន៍នៅមជ្ឈឹមបូព៌ា បដិវត្តន៍ពណ៌ បដិវត្តន៍អីហ្នឹង បដិវត្តន៍ផ្កាឈូកអីហ្នឹង តែសម្រាប់កម្ពុជាពាក្យផ្ការីករបស់យើងគឺផ្ការីកនៃសន្តិភាព ផ្ការីកនៃគោលនយោបាយឈ្នះឈ្នះ ផ្ការីកនៃការអភិវឌ្ឍប្រទេសជាតិរបស់យើង”។

ន័យសម្តេចសំដៅដល់លើការផ្ការីកនៃការអភិវឌ្ឍនោះគឺជាក់ស្តែង ផ្ការីកចាប់ពីខេត្តកំពង់ចាមមុនគេដោយបញ្ចប់នៃការវាស់វែងដីមុនគេនិងផ្ការីកបន្តទៀតនោះគឺការចែកប័ណ្ណកម្មសិទ្ធិនៅទូទាំង២៥រាជធានី-ខេត្តតែម្តង។

សម្តេចធិបតីបន្តថា ផ្ការីកគឺផ្តល់ភាពញញឹមដើម្បីបង្ហាញក្តីស្រឡាញ់សម្រាប់មនុស្សគ្រប់គ្នា។ តែផ្កាករីកគេនោះវិញគឺផ្ការីកចលនាបះបោលឲ្យមានការខឹងសម្បារគ្នាទៅវិញទៅមក ផ្ការីកជាការឲ្យប្រឆាំងនឹងរដ្ឋអំណាចទៅវិញ ជាផ្ការីកគ្រោះថ្នាក់ ដូច្នេះពលរដ្ឋកុំជឿលើផ្ការីកដែលនាំឲ្យមានការដុតប្រទេស៕

To Top