ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ទទួលបានអាវុធមួយចំនួនពីសហរដ្ឋអាមេរិក ប៉ុន្តែយឺតជាងផែនការជាច្រើនឆ្នាំ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រថា កោះតៃវ៉ាន់បានទទួលរថក្រោះ Abrams ចំនួន ៣៨គ្រឿងពីសហរដ្ឋអាមេរិក បន្ទាប់ពីរង់ចាំរយៈពេលជាង ៥ឆ្នាំ។ 

កាសែតបានកត់សម្គាល់ថា បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ បានបង្ហាញឱ្យឃើញកាន់តែមានប្រសិទ្ធភាពក្នុងការរក្សាអាវុធទំនើបៗរបស់អាមេរិកឱ្យផុតពីដៃកោះតៃវ៉ាន់ ជាងការព្រមានរបស់ទីក្រុងប៉េកាំង។

មកទល់នឹងពេលនេះប្រទេសចិននៅតែចាត់ទុកកោះដែលគ្រប់គ្រងដោយខ្លួនឯងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ 

យ៉ាងណាក្តីសហរដ្ឋអាមេរិកនៅតែប្រកាន់ខ្ជាប់ជាផ្លូវការនូវគោលនយោបាយចិនតែមួយរបស់ទីក្រុងប៉េកាំង ដោយទទួលស្គាល់តៃវ៉ាន់ជាផ្នែកមួយនៃសាធារណៈរដ្ឋប្រជាមានិតទោះបីជាទីក្រុងវ៉ាស៊ីនតោនចូលរួមក្នុងពេលដំណាលគ្នាក្នុងកិច្ចសហប្រតិបត្តិការយោធាជាមួយរដ្ឋាភិបាលនៅទីក្រុងតៃប៉ិ ដែលទីក្រុងប៉េកាំងប្រឆាំងយ៉ាងខ្លាំងក៏ដោយ។

យោងតាមលោក Eric Gomez អ្នកវិភាគទៅលើវិស័យការពារជាតិនៅវិទ្យាស្ថាន Cato ដែលបានដកស្រង់នៅក្នុងរបាយការណ៍របស់ WSJ បានឱ្យដឹងថា អាវុធរបស់អាមេរិកដែលបង់ប្រាក់សម្រាប់តែមិនទាន់បានប្រគល់ឱ្យដែលរង់ចាំនៅតៃវ៉ាន់មានចំនួនលើសពី ២០ពាន់លានដុល្លារមកហើយគិតត្រឹមដើមឆ្នាំកន្លងមកនេះ៕

ប្រែសម្រួល៖ ស៊ុនលី

To Top