បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអង្គភាពជាច្រើនរបស់ប៉ាគីស្ថាន រួមទាំងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជាតិគ្រប់គ្រងដោយរដ្ឋ (NDC) ផងដែរ ជុំវិញការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងការអភិវឌ្ឍមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយរបស់ប្រទេសមួយនេះ។
ការប្រកាសនៅដើមសប្តាហ៍នេះដោយក្រសួងការបរទេស បានឲ្យដឹងទៀតដែរថាទណ្ឌកម្មកំណត់គោលដៅទៅលើអង្គភាព NDC ដែលខ្លួនអះអាងថាជាឧបករណ៍ក្នុងការអភិវឌ្ឍន៍មីស៊ីលផ្លោងស៊េរី Shaheen ។
វិធានការនេះរួមមានការបង្កកទ្រព្យសកម្ម និងបម្រាមលើប្រតិបត្តិការជាមួយអង្គភាពអាមេរិកផងដែរហើយបើយោងតាមការបញ្ជាក់ពីសំណាក់ទីប្រឹក្សាសន្តិសុខជាតិរងរបស់ប្រធានាធិបតីអាមេរិក Joe Biden លោក Jon Finer បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍បានគូសបញ្ជាក់អំពីការព្រួយបារម្ភអំពីបច្ចេកវិទ្យាមីស៊ីលដ៏ជឿនលឿនរបស់ប្រទេសប៉ាគីស្ថាន។
លោកបានបញ្ជាក់ថា ការអភិវឌ្ឍប្រព័ន្ធផ្លោងរយៈចម្ងាយឆ្ងាយអាចបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិកហើយ លោក Finer បានបន្ថែមថា សមត្ថភាពដែលកំពុងរីកចម្រើនឡើងរបស់ទីក្រុង Islamabad បានបង្កើតទៅជាសំណួរដ៏ធ្ងន់ធ្ងរអំពីចេតនារបស់ខ្លួន ជាពិសេសទាក់ទងនឹងការទិញឧបករណ៍សាកល្បងរ៉ុក្កែតនិងម៉ាស៊ីនទំនើបៗផ្សេងទៀតផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី