BAKU ៖ ប្រទេស អាស៊ែបៃហ្សង់ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ជាថ្ងៃសម្រាប់ជាតិនៃការកាន់ទុក្ខសម្រាប់ជនរងគ្រោះនៃឧប្បត្តិហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរ Embraer 190 ដែលកំពុងប្រតិបត្តិការជើងហោះហើរពីក្រុង Baku ឆ្ពោះទៅកាន់ Grozny ។
លោក Ilham Aliyev ប្រធានាធិបតីប្រទេស អាស៊ែបៃហ្សង់ (Azerbaijani) បានចុះហត្ថលេខា លើបទបញ្ជាផ្លូវការមួយ ដើម្បីប្រារព្ធទិវាកាន់ទុក្ខ ដែលជាការឆ្លើយតបទៅនឹងសោកនាដកម្មដែលបានកើតឡើងកាលពីថ្ងៃពុធ ។
លោក Aliyev ស្ថិតនៅក្នុងដែនអាកាសរបស់ប្រទេសរុស្ស៊ី ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង St. Petersburg សម្រាប់កិច្ចប្រជុំកំពូលនៅពេលនោះ បានបញ្ជាឱ្យជើងហោះហើររបស់គាត់ត្រឡប់ទៅវិញនៅពេលដឹងពីគ្រោះថ្នាក់នេះ ។
យន្តហោះដែលមានជើងហោះហើរលេខ J2-8243 បានធ្លាក់នៅជិតអាកាសយានដ្ឋាន Aktau ក្នុងប្រទេសកាហ្សាក់ស្ថាន ។ ក្រសួងស្ថានភាពគ្រាអាសន្ន របស់ប្រទេសកាហ្សាក់ស្ថាន បានរាយការណ៍ថាអ្នកនៅរស់រានមានជីវិតចំនួន២៨នាក់ ខណៈការជួយសង្គ្រោះកំពុងដំណើរការ ។
ជើងហោះហើរ Azerbaijan Airlines បានឲ្យដឹងនៅលើបណ្តាញសង្គម X ថា មានមនុស្សចំនួន៦៧ នាក់នៅលើយន្តហោះរួមទាំងអ្នកដំណើរចំនួន៦២នាក់ និងសមាជិកនាវិក៥នាក់ផងដែរ ។
ប្រព័ន្ធផ្សព្វផ្សាយកាហ្សាក់ស្ថានបានឲ្យដឹងថា អ្នកដំណើរដែលជិះនៅលើយន្តហោះនោះ មានពលរដ្ឋ ចំនួន៣៧នាក់មកពីប្រទេសអាស៊ែបៃហ្សង់ ចំនួន១៦នាក់មកពីប្រទេសរុស្ស៊ី និងមកពីកាហ្សាក់ស្ថានចំនួន៦នាក់ និងប្រទេសគីហ្ស៊ីហ្ស៊ីស្ថាន (Kyrgyzstan)ចំនួន៣នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា