បរទេស៖ យុវជនម្នាក់ដែលល្បីឈ្មោះ ឬ influencer លើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ថៃ បានស្លាប់ភ្លាមៗបន្ទាប់ពីត្រូវបានគេជួលក្នុងតម្លៃ ៣០.០០០ បាត ដើម្បីជក់ស្រាវីស្គីមួយដបចំណុះ ៣៥០មីលីលីត្រ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា យុវជន ឈ្មោះ Thanakarn Kanthee ហៅ “Bank Leicester” អាយុ ២១ ឆ្នាំត្រូវបានប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យនៅម៉ោង ៣៖៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍។
Thanakarn Kanthee ជាអ្នកលក់ផ្កាដែលសំដែងបទចម្រៀងរ៉េបបែបមិនធម្មតាដើម្បីទាក់ទាញអ្នកទិញ គាត់ត្រូវបានគេឃើញនៅក្នុងវីដេអូជាច្រើន គឺទទួលយកការបបួលមួយ ដើម្បីផឹកស្រាឱ្យបានលឿនជាថ្នូរនឹងប្រាក់ ៣ម៉ឺនបាត។
វីដេអូបង្ហាញពី Thanakarn ផឹកស្រាវីស្គីយ៉ាងរហ័ស ក្នុងពេលហ្វូងមនុស្សអបអរសាទរក្នុងពិធីជប់លៀងមួយត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើអ៊ីនធឺណិត។ អ្នកចូលរួមពិធីជប់លៀងមួយចំនួនត្រូវបានគេឃើញថតរូប Thanakarn តាមទូរស័ព្ទ។
ក្រោយពីបញ្ចប់ការផឹកដែលបានបង់ប្រាក់រួច Thanakarn មើលទៅឈឺ ហើយមានការក្អួតចង្អោរមុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យដែលគាត់បានស្លាប់នៅពេលក្រោយមក៕
ប្រែសម្រួលៈ ណៃ តុលា