កាលពីជាង ១០ ឆ្នាំមុន រដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ ស្តីពីការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ ដែលរួមមានក្រុងសៀងហៃ , ខេត្តជាំងស៊ូ , ខេត្តចឺជាំង និងខេត្តអានហួយ ដោយជំរុញលើកទឹកចិត្តឱ្យតំបន់ ដែលមានសេដ្ឋកិច្ចលូតលាស់ជួយ ដល់តំបន់ដែលមានសេដ្ឋកិច្ចទន់ខ្សោយទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងបច្ចេកវិទ្យា ពិសេសគឺផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ ។ តើគោលនយោបាយសមាហរណកម្មតំបន់ ដីសណ្តទន្លេយ៉ង់សេទទួលបានសមិទ្ធផលយ៉ាងណា ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ ?
និយាយពីសមិទ្ធផល នៃការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ យើងអាចទៅស្វែងយល់ ពីបម្រែបម្រួលនៃតំបន់មួយចំនួន ដែលបានផ្លាស់ប្តូរពីរូបមន្តអភិវឌ្ឍន៍ ឧស្សាហកម្មប្រពៃណី មកជាឧស្សាហកម្មថ្មីឬឧស្សាហកម្មបៃតង ។ ក្នុងចំណោមនោះ ក្រុងហ័យប៉ី ដែលស្ថិតនៅភាគខាងជើងនៃខេត្តអានហួយ ប្រទេសចិនបានផ្លាស់ប្តូរ មុខមាត់យ៉ាងខ្លាំងដោយសារមានការគាំទ្រ ពីគោលនយោបាយសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ ។
*ប្រែក្លាយពីអណ្តូងរ៉ែធ្យូងថ្ម ទៅជាតំបន់ដីសើម
ក្រុងហ័យប៉ី ជាទីកន្លែងដែលប្រជុំដោយអណ្តូងរ៉ែធ្យូងថ្ម ដែលកាលពីអតីតកាល ធ្យូងថ្មជាឧស្សាហកម្មនាំមកនូវចំណូលសំខាន់បំផុតសម្រាប់ទីក្រុងនេះ ។ ប៉ុន្តែការអភិវឌ្ឍឧស្សាហកម្មធុនធ្ងន់បែបនេះ វាត្រូវជាថ្នូរជាមួយនឹងការបំផ្លាញដល់បរិស្ថានធម្មជាតិនិងប្រព័ន្ធអេកូឡូស៊ី ។ បន្ទាប់ពីរដ្ឋាភិបាលចិន បានដាក់ចេញគោលនយោបាយធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ ទីក្រុងនេះក៏បានធ្វើបរិវត្តកម្មរូបមន្តអភិវឌ្ឍន៍ ដោយផ្តោតលើការកែលម្អបរិស្ថាននិងការអភិវឌ្ឍបៃតង ។ ក្នុងនោះ មានដូចជាការកាត់បន្ថយការជីកយករ៉ែធ្យូងថ្ម ការកាត់បន្ថយបរិមាណផលិតថាមពលអគ្គិសនីដោយធ្យូងថ្ម ហើយប្តូរទៅជាការផ្អែកលើថាមពលខ្យល់ដែលជាថាមពលស្អាតជាបណ្តើរៗ ។ ពិសេស តំបន់ដីសើមឧទ្យាន ណានហ៊ូ ដែលពីមុនជាអណ្តូងរ៉ែបាក់ស្រុត ឥឡូវបានក្លាយជារមណីយដ្ឋានដ៏ស្រស់ស្អាត ដែលរំលេចពីសមិទ្ធផលនៃការស្តារប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសចិន ។
*ដំណាំសេដ្ឋកិច្ចនិងទេសចរណ៍ជនបទជំរុញការស្តារនិងអភិវឌ្ឍជនបទ
ការធ្វើបរិវត្តកម្មរូបមន្តអភិវឌ្ឍន៍ ត្រូវមានឧស្សាហកម្មបែបថ្មីជាពិសេសឧស្សាហកម្មបៃតងមកជំនួសឱ្យឧស្សាហកម្មប្រពៃណីដែលមិនអំណោយផលដល់ប្រព័ន្ធអេកូឡូស៊ី ។ នៅភូមិលៀវយាន នៃក្រុងហ័យប៉ី អ្នកភូមិ បានដាំផ្លែទទឹម ដែលជាដំណាំសេដ្ឋកិច្ចដែលមិនត្រឹមតែអាចបេះយកផ្លែទៅលក់ប៉ុណ្ណោះទេ ក៏អាចឱ្យទេសចរទៅដើរកម្សាន្តក្នុងចម្ការ ទទឹមនិងបេះផ្លែទទឹម ដោយខ្លួនឯងផងដែរ ហើយអ្នកភូមិក៏អាចលក់ទទឹមឱ្យសហគ្រាស យកទៅផលិតជាផលិតផលផ្សេងៗដូចជាស្រានិងទឹកផ្លែទទឹមជាដើម ដែលជាប្រភពចំណូលដ៏សំខាន់មួយ ។ ក្រៅពីនេះ រដ្ឋបាលភូមិបានសហការជា មួយក្រុមហ៊ុនជំនាញ ដើម្បីបង្កើតគម្រោងទេសចរណ៍ជនបទថ្មីប្លែកដើម្បីទាក់ទាញភ្ញៀវទេសចរ ។ បច្ចុប្បន្ន អ្នកភូមិទាំងអស់សុទ្ធតែទទួល បានផលលាភពីគោលនយោបាយស្តារ និងអភិវឌ្ឍជនបទ ដោយពួកគាត់ទទួលបានចំណូលគ្រប់គ្រាន់ ហើយកំពុងឆ្ពោះទៅរកជីវភាពធូរធារបង្គួរទាំងអស់គ្នា ។
*ទេសចរណ៍វប្បធម៌រួម ចំណែកដល់ការធ្វើសមាហរណកម្ម
ការធ្វើបរិវត្តកម្មរូបមន្ត អភិវឌ្ឍន៍របស់ក្រុងហ័យប៉ី បានផ្លាស់ប្តូរជាបណ្តើរៗពីការពឹងផ្អែកលើឧស្សាហកម្មប្រពៃណីធំទាំង៣ គឺធ្យូងថ្ម ពលថាម និងស្រា មកជាការអភិវឌ្ឍ ឧស្សាហកម្មថ្មីនិងថាមពលស្អាត ។ ដោយមានអំណោយផលពីប្រវត្តិសាស្ត្រជាង ៤ ពាន់ឆ្នាំ ក្រុងហ័យប៉ី ដែលមានវប្បធម៌និងអរិយធម៌ដ៏ចំណាស់ និងមានវត្ថុបុរាណដ៏មានតម្លៃជាច្រើន បានផ្តោតលើការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌និងអេកូ-ទេសចរណ៍ដែលបាននិងកំពុងដើរតួនាទីសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ទីក្រុងមួយនេះ ។ ប្រវត្តិសាស្ត្រដ៏យូរលង់គួបផ្សំជាមួយបេតិកភណ្ឌវប្បធម៌អរូបី និងទេសភាពធម្មជាតិនៃតំបន់ដីសណ្តទន្លេយ៉ង់សេ បានក្លាយជាមន្តស្នេហ៍ដ៏ទាក់ទាញសម្រាប់ទេសចរជាតិនិងអន្តរជាតិ ។
ក្រៅពីក្រុងហ័យប៉ី តំបន់នានាក្នុង តំបន់ដីសណ្តទន្លេយ៉ង់ សេសុទ្ធតែបានផ្លាស់ប្តូរមុខមាត់ថ្មី បន្ទាប់ពីការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ ពិសេសគឺការប្តូរពីការលក់ធនធាន ភ្នំព្រៃទៅជាការ«លក់»ធនធានអេកូឡូស៊ី ពោលគឺរកចំណូលតាមរយៈរូបមន្ត «អេកូឡូស៊ី+ទេសចរណ៍វប្បធម៌» គួបផ្សំជាមួយការបង្កើតគម្រោងសម្រាកលម្អែកាយ , ថែទាំសុខភាព , កីឡា និងសួនធម្មជាតិជាដើម ដែលជាវិធីសាស្ត្រអភិវឌ្ឍតំបន់ជនបទតាមអនុសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលលើកឡើងថា «ភ្នំបៃតងទឹកថ្លាគឺភ្នំមាសភ្នំប្រាក់»។
នៅថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានប្រកាសពីការគាំទ្រ ចំពោះការលើកកម្ពស់ការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេឱ្យទៅជាយុទ្ធសាស្ត្រជាតិ ដែលមានន័យថា ការធ្វើសមាហរណកម្មតំបន់ដី សណ្តទន្លេយ៉ង់សេនឹងច្របាច់បញ្ចូលជាមួយយុទ្ធសាស្ត្រជាតិដទៃទៀត ដើម្បីបង្កើតបានជាប្រព័ន្ធសេដ្ឋកិច្ចទំនើប និងឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន