ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ ព្រមានក្រុមហ៊ូទី ខណៈអ៊ីស្រាអែល គ្រោងនឹងវាយប្រហារតាមអាកាសថ្មី

Xinhua

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានថា កងកម្លាំងហ៊ូទី នៅក្នុងប្រទេសយេម៉ែន នឹងប្រឈមមុខនឹងលទ្ធផលស្រដៀងគ្នាទៅនឹងក្រុមប្រឆាំងអ៊ីស្រាអែលផ្សេងទៀត ដែលជួបប្រទះ។

លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា “ក្រុមហ៊ូទី ក៏នឹងរៀននូវអ្វីដែលក្រុមហាម៉ាស់, ក្រុមហេសបូឡា, របបលោក Assad និងអ្នកផ្សេងទៀតបានរៀនសូត្រ ហើយទោះបីជាវាត្រូវការពេលវេលាក៏ដោយ មេរៀននេះនឹងត្រូវបានយល់ដឹងនៅទូទាំងតំបន់មជ្ឈិមបូព៌ា” ។

នៅព្រឹកពុធម្សិលមិញនេះកងកម្លាំងក្រុមហ៊ូទី បានបាញ់មីស៊ីលពីដីទៅដី ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល រយៈពេលពីរថ្ងៃជាប់ៗគ្នា។  នៅពេលល្ងាច ពួកគេបានបាញ់យន្តហោះដ្រូនមួយគ្រឿង ដែលធ្លាក់ចូលទៅក្នុងវាលស្រែមួយនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

អ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា កំពុងថ្លឹងថ្លែងនូវការវាយប្រហារទ្រង់ទ្រាយធំថ្មីមួយប្រឆាំងនឹងកងកម្លាំងហ៊ូទី ក្នុងប្រទេសយេម៉ែន បន្ទាប់ពីមានការបាញ់បង្ហោះកាំជ្រួចសងសឹកជាបន្តបន្ទាប់ និងយន្តហោះដ្រូន ដែលសន្មតថាជារបស់ក្រុមហ៊ូទី ។

កាល​ពី​ថ្ងៃ​អង្គារ ទូរទស្សន៍ Kan TV ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​អ៊ីស្រាអែល​បាន​រាយការណ៍​ថា យោធា​បាន​និង​កំពុង​រៀបចំ​សម្រាប់​ប្រតិបត្តិការ​ដ៏​មាន​សក្តានុពល។  ដោយលើកឡើងពីមន្ត្រីសន្តិសុខជាន់ខ្ពស់ ទូរទស្សន៍ Kan TV បានចុះផ្សាយថា កងកម្លាំងអាកាសអ៊ីស្រាអែល ស៊ើបការណ៍យោធា និងនាយកប្រតិបត្តិការបាននឹងកំពុង “បង្កើតផែនការកាន់តែខ្លាំងក្លា និងពង្រីកមូលដ្ឋានទិន្នន័យគោលដៅ” នៅទូទាំងប្រទេសយេម៉ែន បន្ទាប់ពីការវាយប្រហារកាលពីសប្តាហ៍មុន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top