បរទេស៖ ជើងហោះហើរ Azerbaijan Airlines ដែលបានធ្លាក់នៅប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃពុធ (២៥ ធ្នូ) ត្រូវបានធ្លាក់ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី។ នេះបើតាមប្រភពចំនួនបួននៅក្នុងប្រទេស អាស៊ែបៃហ្សង់ ដែលបានដឹងពីការស៊ើបអង្កេតបានប្រាប់រ៉យទ័រ។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរ Embraer បានធ្លាក់នៅជិតទីក្រុង Aktau ក្នុងប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្ស ៣៨នាក់ បន្ទាប់ពីបានបង្វែរទិសដៅពីតំបន់មួយនៃប្រទេសរុស្ស៊ី ដែលទីក្រុងម៉ូស្គូបានប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសប្រឆាំងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ជើងហោះហើរ J2-8243 របស់ Azerbaijan Airlines បានហោះហើរចម្ងាយរាប់រយម៉ាយចេញពីផ្លូវដែលបានគ្រោងទុករបស់ខ្លួនពីទីក្រុង Baku របស់ប្រទេស អាស៊ែបៃហ្សង់ ទៅកាន់ Grozny ក្នុងតំបន់ Chechnya របស់ប្រទេសរុស្ស៊ី ធ្លាក់នៅច្រាំងសមុទ្រទល់មុខសមុទ្រ Caspian បន្ទាប់ពីអ្វីដែលក្រុមឃ្លាំមើលអាកាសចរណ៍រុស្ស៊ីបាននិយាយថា ជាការសង្គ្រោះបន្ទាន់ដែលអាចបណ្តាលមកពី ដោយការបុកជាមួយរបស់បក្សី។
ក្រុមមន្ត្រីមិនបានពន្យល់ភ្លាមៗពីមូលហេតុដែលវាឆ្លងសមុទ្រនោះទេ ប៉ុន្តែការធ្លាក់នេះបានកើតឡើងបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនក្នុងខែនេះ បានវាយប្រហារតំបន់ Chechnya ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ អាកាសយានដ្ឋានរុស្ស៊ីដែលនៅជិតបំផុតនៅលើផ្លូវហោះហើររបស់យន្តហោះត្រូវបានបិទនៅព្រឹកថ្ងៃពុធ។
ទាំងមន្ត្រីរុស្ស៊ី អាស៊ែបៃហ្សង់ និងកាហ្សាក់ស្ថាន បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះ៕
ប្រែសម្រួលៈ ណៃ តុលា