បរទេស៖ ក្នុងរយៈពេល ១៦ ថ្ងៃកន្លងមកនេះ ប៉ូលីសក្រុងហាណូយ របស់វៀតណាមបានរឹបអូសអចលនទ្រព្យ ឡានទំនើប និងលុយជាច្រើនទៀត នៅក្នុងគណនីពាក់ព័ន្ធនឹងករណី ឈ្មោះ Pho Duc Nam (ហៅកាត់ថា TikToker Mr Pips) សរុបជាង ១០០ ពាន់លានដុងហើយ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំ របស់ក្រសួងសន្តិសុខសាធារណៈ នៅថ្ងៃទី ២៦ ខែធ្នូ ឧត្តមសេនីយ៍ទោ Nguyen Thanh Tung នាយករងប៉ូលិសទីក្រុងហាណូយ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ១០ ខែធ្នូ មក រថយន្ត Mercedes G63 មួយគ្រឿងបន្ថែមទៀត, លុយក្នុងកុងធនាគារចំនួន ១២ ពាន់លានដុង, Apartments និងអចលនទ្រព្យចំនួន ១៨ ត្រូវបានរឹបអូស។ ចំនួនទឹកប្រាក់សរុបនៃប្រាក់ និងទ្រព្យសកម្មដែលទើប រកឃើញថ្មីត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ១០០ ពាន់លានដុង ដែលនាំឱ្យចំនួនទឹកប្រាក់សរុបនៃប្រាក់ និងទ្រព្យសម្បត្តិដែលបានរកឃើញវិញ ក្នុងសំណុំរឿងនេះឡើងដល់ជាង ៥.៣០០ ពាន់លានដុង។
ប៉ូលីសក៏បានរកឃើញលុយ ៥សែនដុល្លារ នៅក្នុងគណនីបរទេសមួយ។ លោកឧត្តមសេនីយ៍ Tung បាននិយាយថា «នៅពេលខាងមុខនេះ យើងនឹងសម្របសម្រួលជាមួយនឹង អយ្យការប្រជាជនកំពូលដើម្បីយកមកវិញនូវទ្រព្យសម្បត្តិរបស់ ជនសង្ស័យដែលលាក់ទុកនៅបរទេស។ ឧត្តមសេនីយ៍ Tung ថា យើងពិតជានឹងយកមកវិញនូវទ្រព្យសម្បត្តិថែមទៀត។
កន្លងមក ភ្នាក់ងារស៊ើបអង្កេតបានរឹបអូសបានប្រាក់ចំនួន ៣១៦ ពាន់លានដុងក្នុងគណនី, នៅក្នុង សៀវភៅសន្សំជាច្រើនដែលមានតម្លៃជាង ២០០ ពាន់លានដុង , សាច់ប្រាក់ចំនួន ៦៩ ពាន់លានដុង , លុយដុល្លារអាមេរិក ២,៣លាន, ដុំមាស SJC ៨៩០ ដុំ, គ្រឿងអលង្ការមាសទម្ងន់ ២៤៦ គីឡូក្រាម , រថយន្ដទំនើបចំនួន ៣១ គ្រឿង, នាឡិកាម៉ាកល្បីៗចំនួន ៥៩ គ្រឿង ដែលមានតម្លៃប្រហែល ៣០០ ពាន់លានដុង… អចលនទ្រព្យចំនួន ១២៥ ត្រូវបានបង្កកសម្រាប់ប្រតិបត្តិការផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា