សាណា ៖ អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចរចាលើការដោះលែង បុគ្គលិកអង្គការសហប្រជាជាតិចំនួន ១៣ នាក់ដែលត្រូវបានចាប់ខ្លួន ដោយក្រុមហ៊ូទី នៅក្នុងរដ្ឋធានីសាណា ប្រទេសយេម៉ែន បានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ។
លោក Ghebreyesus បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ឲ្យដឹងថា “យើងបន្តអំពាវនាវឱ្យមានការដោះលែងអ្នកជាប់ឃុំជាបន្ទាន់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អង្គការសហប្រជាជាតិ បានបញ្ជាក់កាលពីខែមិថុនាថា បុគ្គលិករបស់ខ្លួនចំនួន ១៣ នាក់ត្រូវបានឃុំខ្លួនដោយក្រុមហ៊ូទី ក្នុងទីក្រុងសាណា។ ក្រុមសកម្មប្រយុទ្ធ បានចោទប្រកាន់បុគ្គលិកអង្គការ សហប្រជាជាតិ ដែលត្រូវចាប់ខ្លួនទាំងនោះថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពចារកម្មសម្រាប់សហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ លោក Ghebreyesus បានកត់សម្គាល់ថា អាកាសយានដ្ឋានអន្តរជាតិសាណា ស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកពីលើអាកាស ខណៈដែលលោក និងមន្ត្រីអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោកមួយចំនួនទៀតហៀបនឹងឡើងយន្តហោះរបស់ពួកគេពីរដ្ឋធានីសាណា របស់ប្រទេសយេម៉ែន។
លោកបានលើកឡើងថា “សមាជិកនាវិកម្នាក់នៃយន្តហោះរបស់យើងបានរងរបួស។ យ៉ាងហោចណាស់មនុស្សពីរនាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅអាកាសយានដ្ឋាន។ ប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស កន្លែងចាកចេញ – ត្រឹមតែពីរបីម៉ែត្រពីកន្លែងដែលយើងនៅ ហើយផ្លូវរត់ត្រូវបានខូចខាត ដោយសារតែការទម្លាក់គ្រាប់បែក” ។
ដោយកត់សម្គាល់ថាគាត់ និងសហការីរបស់លោកមានសុវត្ថិភាព ប្រធានអង្គការ WHO បានបន្ដថា ពួកគេនឹងត្រូវរង់ចាំការខូចខាតអាកាសយានដ្ឋានដែលត្រូវជួសជុល មុនពេលពួកគេអាចចាកចេញបាន។ អ៊ីស្រាអែល បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងសម្លាប់មេដឹកនាំក្រុមហ៊ូទី និងរុះរើអំណាចយោធារបស់ក្រុមនេះភ្លាមៗ បន្ទាប់ពីខ្លួនបានបើកការវាយប្រហារតាមអាកាស ដែលមានមូលដ្ឋានលើការស៊ើបការណ៍សំដៅលើគោលដៅយោធា ដែលគ្រប់គ្រងដោយក្រុមហ៊ូទី នៅឆ្នេរភាគខាងលិចប្រទេស និងក្នុងប្រទេសយេម៉ែន៕
ប្រែសម្រួល ឈូក បូរ៉ា