ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារ ផ្លូវអាកាសយ៉ាងខ្លាំង លើទីក្រុងសាណា និងកំពង់ផែនានា របស់យេម៉ែន ដោយ ប្តេជ្ញាសម្លាប់មេដឹកនាំក្រុមហ៊ូទី

China daily

យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានប្តេជ្ញាថានឹងសម្លាប់មេដឹកនាំក្រុមហ៊ូទី និងរុះរើអំណាចយោធារបស់ក្រុមនេះភ្លាមៗបន្ទាប់ពីវាបានបើកការវាយប្រហារតាមអាកាស “ផ្អែកលើការស៊ើបការណ៍” ផ្តោតលើគោលដៅយោធា ដែលគ្រប់គ្រងដោយក្រុមនេះ នៅលើឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសយេម៉ែន និងនៅក្នុងទឹកដីយេម៉ែនទាំងមូលតែម្ដង។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា “យើងប្តេជ្ញាកាត់ផ្តាច់បណ្ដាញភេរវកម្មរបស់អ៊ីរ៉ង់ យើងនឹងបន្តរហូតដល់កិច្ចការត្រូវបានបញ្ចប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានសន្យាថានឹង “តាមប្រមាញ់មេដឹកនាំក្រុមហ៊ូទី ទាំងអស់ ហើយវាយប្រហារពួកគេ ដូចដែលអ៊ីស្រាអែលបានធ្វើនៅកន្លែងផ្សេងទៀត”។ លោកបានបន្ថែមថា “គ្មាននរណាម្នាក់នឹងគេចផុតពីអាវុធវែងរបស់អ៊ីស្រាអែលនោះទេ។ យើងនឹងវាយប្រហារពួកគេ ដើម្បីលុបបំបាត់ការគំរាមកំហែងប្រឆាំងនឹងអ៊ីស្រាអែល” ។

ទាំងលោក ណេតាន់យ៉ាហ៊ូ និងលោក Katz បានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូរួមមួយ ដែលបានកត់ត្រានៅមជ្ឈមណ្ឌលបញ្ជាការកងទ័ពអាកាសក្នុងទីក្រុង Tel Aviv ជាកន្លែង ដែលពួកគេបានទៅដល់ ដើម្បីសង្កេតមើលការវាយប្រហារតាមអាកាស។ នៅព្រឹកថ្ងៃដដែល យោធាអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនបានបើកការវាយប្រហារតាមអាកាស “ផ្អែកលើការស៊ើបការណ៍” សំដៅលើគោលដៅយោធាដែលគ្រប់គ្រងដោយក្រុមហ៊ូទី នៅលើឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសយេម៉ែន និងក្នុងប្រទេសយេម៉ែន។

យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់ដោយក្រុមហ៊ូទី នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសាណា និងស្ថានីយ៍ថាមពល Hezyaz និង Ras Kanatib ដែលទាំងពីរស្ថិតនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូទី ក៏ដូចជាកំពង់ផែ Hodeidah, Salif និង Ras Kanatib នៅឆ្នេរសមុទ្រភាគខាងលិចប្រទេស។ យោធាអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយអះអាងថា ទីតាំងទាំងនោះត្រូវបានក្រុមហ៊ូទី ប្រើដើម្បីរត់ពន្ធអាវុធអ៊ីរ៉ង់ចូលទៅក្នុងតំបន់ និងសម្រាប់ការចូលរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top