បរទេស ៖ ស្ត្រី២០នាក់ មកពីប្រទេសផ្សេងៗ ត្រូវបានចាប់ខ្លួន នៅទីប្រជុំជនឆ្នេរប៉ាតាយ៉ា នៅថ្ងៃសុក្រនេះ ពីបទចោទថា ផ្តល់សេវាផ្លូវភេទ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានការប្តឹងពីសំណាក់អ្នកស្រុក និងអ្នកទេសចរអំពីស្ត្រីបរទេសមួយក្រុម ឈរនៅតាមកន្លែងផ្សេងៗតាមឆ្នេរ និងសុំរួមភេទដើម្បីលុយ ដែលទង្វើនេះរំខានដល់សន្តិភាពសាធារណៈ។ នេះបើតាមការឲ្យដឹងពីលោកវីរសេនីយ៍ Piyapong Ensan ប្រធានប៉ូលិសទេសចរណ៍ Pattaya។
ប៉ូលិសបានសង្កេតមើលអាកប្បកិរិយា របស់ស្ត្រីទាំងនោះ រហូតដល់ពួកគេបញ្ជាក់ថា ពួកគេបានផ្តល់សេវាផ្លូវភេទដើម្បីប្រាក់ ។ ប៉ូលីសបានចាប់ខ្លួនជន សង្ស័យចំនួន ២០នាក់ ក្នុងនោះរួមមាន ជនជាតិអ៊ូហ្គង់ ៩នាក់, ជនជាតិអូបេគីស្ថាន ៨នាក់, ម៉ាដាហ្គាស្កា ២នាក់ និង រវ៉ាន់ដា ម្នាក់ ដែលមានអាយុចន្លោះពី ២៦ឆ្នាំ ទៅដល់ ៥១ ឆ្នាំ ។
ស្រ្តីជាជនសង្ស័យបានសារភាពថា ពួកគេមកប្រទេសថៃ ដើម្បីរកស៊ីផ្លូវភេទ។ ពួកគេត្រូវបានពិន័យ ហើយទិដ្ឋាការរបស់ពួកគេត្រូវបានដកហូត ដើម្បីសម្រួលដល់ការនិរទេស។
ប៉ូលិសបាននិយាយថា ប្រតិបត្តិការនេះក្នុងគោលបំណង លើកកំពស់មុខមាត់ទីក្រុងទេសចរណ៍ ក្នុងការរៀបចំស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៕
ប្រែសម្រួលៈ ណៃ តុលា