ព័ត៌មានអន្តរជាតិ

ចិន ជាថ្មីម្ដងទៀតជំរុញហ្វីលីពីន ឲ្យដកប្រព័ន្ធមីស៊ីល របស់អាមេរិក ចេញប្រទេស

CFP

ប៉េកាំង៖ ប្រទេសចិន ជាថ្មីម្តងទៀត បានជំរុញប្រទេសហ្វីលីពីន ឱ្យដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាមេរិក នៅមុនកាលកំណត់ ព្រោះការដាក់ពង្រាយប្រព័ន្ធនេះ នាំមកនូវហានិភ័យនៃការប្រឈមមុខដាក់គ្នា ខាងភូមិសាស្ត្រនយោបាយ និងការប្រជែងអាវុធ ទៅកាន់តំបន់។

អ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានធ្វើការអត្ថាធិប្បាយ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ ហ្វីលីពីន លោក Gilbert Teodoro បានព្យាយាមបង្ហាញអំពីភាព ត្រឹមត្រូវនៃការដាក់ពង្រាយប្រព័ន្ធ មីស៊ីលសមត្ថភាព មធ្យម របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេស ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានដកស្រង់ ដោយប្រព័ន្ធផ្សព្វផ្សាយ លោក Teodoro បានឲ្យដឹងថា ការដាក់ពង្រាយ និងលទ្ធកម្មទ្រព្យសម្បត្តិ ដែលទាក់ទង នឹងសន្តិសុខ និងការពារប្រទេស ហ្វីលីពីន គឺស្ថិតនៅក្នុងសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន ហើយមិនស្ថិតនៅក្រោម សិទ្ធិវ៉េតូពីបរទេសណាមួយឡើយ។

ជាការឆ្លើយតប លោកស្រី ម៉ៅ នីង បានឲ្យដឹងថា ប្រទេសចិន បាននិយាយម្តងហើយម្តងទៀត នូវការប្រឆាំងយ៉ាងម៉ឺងម៉ាត់ របស់ខ្លួនលើការដាក់ពង្រាយប្រព័ន្ធ ដោយបន្ថែមថាប្រព័ន្ធមីស៊ីល Typhon ដែលមានទាំងសមត្ថភាពនុយក្លេអ៊ែរ និងធម្មតា គឺជាអាវុធយុទ្ធសាស្ត្រ និងវាយលុក ជាជាងការពារ។

លោកស្រីបានកត់សម្គាល់ថា ហ្វីលីពីនបានសហការ ជាមួយសហរដ្ឋអាមេរិក ក្នុងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនេះ ប្រគល់សន្តិសុខ និងការការពារជាតិរបស់ខ្លួន ទៅឱ្យអ្នកដទៃ ដោយនាំមកនូវហានិភ័យ នៃការប្រឈមមុខដាក់គ្នា ផ្នែកភូមិសាស្ត្រនយោបាយ និងការប្រណាំងសព្វាវុធទៅកាន់តំបន់ និងបង្កការគំរាមកំហែងយ៉ាងសំខាន់ដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។

អ្នកនាំពាក្យរូបនេះបានបន្ដថា ហ្វីលីពីន បានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ថា ខ្លួននឹងមិនចូលភាគីក្នុងចំណោមប្រទេសធំៗ ហើយក៏មិនចូលរួមក្នុងសកម្មភាពណាមួយប្រឆាំងនឹងចិនដែរ ហើយខ្លួនក៏គ្មានចេតនាបង្កភាពតានតឹងក្នុងតំបន់ដែរ។ លោកស្រីបានបន្ថែមថា ជាមួយការនិយាយ បែបនេះ ភាគីហ្វីលីពីន បានរិះគិតម្តងហើយម្តងទៀត ចំពោះការដាក់ពង្រាយ កម្លាំងយោធា និងការបង្កហេតុ នៃការប្រឈមមុខ ដាក់គ្នានៅក្នុងតំបន់ ដោយកងកម្លាំងនៅខាងក្រៅតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top