បរទេស៖ ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier កាលពីថ្ងៃសុក្របានបញ្ជាឱ្យរំលាយសភា និងកំណត់ការបោះឆ្នោតថ្មីនៅថ្ងៃទី ២៣ ខែកុម្ភៈ បន្ទាប់ពីមានការដួលរលំនៃក្រុមចម្រុះ គ្រប់គ្រងរបស់អធិការបតី លោក Olaf Scholz ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Scholz បានចាញ់ការបោះឆ្នោតដកសេចក្តីទុកចិត្តកាលពីថ្ងៃទី ១៦ ខែធ្នូ និងដឹកនាំរដ្ឋាភិបាលសំឡេងភាគតិច បន្ទាប់ពីសម្ព័ន្ធភាពបីភាគីដែលមិនមានប្រជាប្រិយភាព និងល្បីឈ្មោះរបស់លោកបានដួលរលំ នៅថ្ងៃទី៦ ខែវិច្ឆិកា នៅពេលដែលលោកបានបណ្តេញ រដ្ឋមន្ត្រីហិរញ្ញវត្ថុនៅក្នុងជម្លោះអំពីរបៀបស្តារសេដ្ឋកិច្ច ដែលនៅទ្រឹងរបស់អាល្លឺម៉ង់។
មេដឹកនាំនៃគណបក្សធំៗ មួយចំនួនបានព្រមព្រៀងគ្នាថា ការបោះឆ្នោតសភាគួរតែធ្វើឡើងនៅថ្ងៃទី ២៣ ខែកុម្ភៈ ប្រាំពីរខែលឿនជាងការគ្រោងទុកដំបូង។
ដោយសាររដ្ឋធម្មនុញ្ញក្រោយសង្គ្រាមលោកលើកទី២ មិនអនុញ្ញាតឱ្យសភា Bundestag រំលាយខ្លួនឯង វាអាស្រ័យលើ លោក Steinmeier ក្នុងការសម្រេចចិត្តថាតើត្រូវរំលាយសភា និងអំពាវនាវឱ្យមានការបោះឆ្នោត។ លោក Steinmeier មានពេល ២១ថ្ងៃដើម្បីធ្វើការសម្រេចចិត្ត។ នៅពេលដែលសភាត្រូវបានរំលាយ ការបោះឆ្នោតត្រូវតែធ្វើឡើងក្នុងរយៈពេល ៦០ ថ្ងៃ៕
ប្រែសម្រួលៈ ណៃ តុលា