ព័ត៌មានអន្តរជាតិ

មនុស្ស២៨នាក់ស្លាប់ និង ៣នាក់ ត្រូវបានជួយសង្គ្រោះ ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ ដឹកអ្នកដំណើរនៅប្រទេសកូរ៉េ

បរទេស៖ ប៉ូលិស និងក្រុមអ្នកពន្លត់អគ្គីភ័យបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៨នាក់បានស្លាប់ និង ជាច្រើននាក់ទៀត ទំនងជាបានរងរបួស បន្ទាប់ពីយន្តហោះ ដឹកអ្នកដំណើររបស់កូរ៉េខាងត្បូង ដែលផ្ទុកមនុស្ស ១៨១នាក់ បានធ្លាក់ពេលកំពុងចុះចត នៅឯអាកាសយានដ្ឋាន មួយនៅភាគនិរតីរបស់ប្រទេសនៅថ្ងៃអាទិត្យនេះ។

យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង ៩ និង៧នាទីព្រឹក នៅពេលដែលជើងហោះហើរ Jeju Air បានបត់ចេញពីផ្លូវរត់ខណៈពេលដែលចុះចត ហើយបានបុកនឹងរបងជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Musan ក្នុងតំបន់ Muan ចម្ងាយប្រហែល ២៨៨គីឡូម៉ែត្រភាគនិរតីនៃទីក្រុងសេអ៊ូល។

អាជ្ញាធរ​បាន​បញ្ជាក់​ថា មនុស្ស ២៨ នាក់​បាន​ស្លាប់​ក្នុង​ការ​ធ្លាក់​យន្តហោះ ដែល​ពួកគេ​ទាំង​អស់​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្នែក​កន្ទុយរបស់យន្តហោះ ដោយ​ចំនួន​អ្នក​ស្លាប់​ទំនង​ជា​កើន​ឡើង។ បីនាក់ត្រូវបានជួយសង្គ្រោះ។

អាជ្ញាធរ​មិន​ទាន់​បង្ហាញ​ចំនួន​អ្នក​ស្លាប់​នៅ​ឡើយ​ទេ។ សរុប ១៨១ នាក់ រួមទាំងសមាជិកនាវិក ៦ នាក់ បានជិះលើយន្តហោះដែលកំពុងត្រឡប់មកពីបាងកក។

អ្នកដំណើរភាគច្រើនជាជនជាតិកូរ៉េ និងមានជនជាតិថៃពីរនាក់។ ការធ្លាក់យន្តហោះនេះបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ បណ្តាលឱ្យមានអគ្គីភ័យផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top