ព័ត៌មានអន្តរជាតិ

តុលាការ​វៀតណាម កាត់ទោស​ប្រហារ ជីវិត​មនុស្ស ២៧​នាក់ ​ពីបទ​ជួញដូរ​គ្រឿងញៀន​

AFP

ហាណូយ៖ តុលាការវៀតណាម បានប្រកាសពីការកាត់ទោសប្រហារជីវិតមនុស្សចំនួន ២៧នាក់ ពាក់ព័ន្ធនឹងសង្វៀនជួញដូរគ្រឿងញៀនឆ្លងដែនពីកម្ពុជាទៅវៀតណាម។

មេខ្លោងគឺលោក Vu Hoang Oanh អាយុ ៦៧ ឆ្នាំជាអ្នករៀបចំ និងដឹកនាំបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែនខាងលើ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រតិបត្តិការនេះ បានរត់ពន្ធគ្រឿងញៀនពីកម្ពុជា ចូលប្រទេសវៀតណាម ដោយចែកចាយតាមមូលដ្ឋានវៀតណាមមួយចំនួន រួមមាន ទីក្រុងហូជីមិញ ហាយផុង ណាំឌិញ និងហាណូយ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២។

កាសែត Tuoi Tre បានរាយការណ៍ថា តុលាការក៏បានកាត់ទោសមួយជីវិតដល់ជនជាប់ចោទ ៦ នាក់ និងដាក់ពន្ធនាគាររយៈពេល ២០ឆ្នាំដល់មនុស្ស ២នាក់ផ្សេងទៀតពីបទជួញដូរគ្រឿងញៀន។

គួរបញ្ជាក់ថា ចាប់ពីខែមីនាឆ្នាំ២០១៨ ដល់ខែវិច្ឆិកាឆ្នាំ២០២២ ពួកគេបានរត់ពន្ធគ្រឿងញៀនសរុបចំនួន ៦២៦ គីឡូក្រាម៕
ប្រែសម្រួល ឈូក បូរ៉ា

To Top