បរទេស ៖ អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២២ នាក់បានស្លាប់ និង ២ នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ Jeju Air ដឹកមនុស្ស ១៨១ នាក់បានផ្ទុះអណ្តាតភ្លើង ខណៈដែលវាបានធ្លាក់ចេញពីផ្លូវរត់ ហើយបានបុកជញ្ជាំងនៅឯអាកាសយានដ្ឋានក្នុងស្រុក Muan ភាគនិរតីនៃប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះ។
អ្នកដំណើរម្នាក់ និងសមាជិកនាវិកម្នាក់ ដែលស្ត្រីទាំងពីរនាក់ ត្រូវបានជួយសង្គ្រោះភ្លាមៗ បន្ទាប់ពីឧបទ្ទវហេតុនេះ ហើយកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Mokpo ។ ការរងរបួសរបស់ពួកគេមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
យោងតាមទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង ៩៖៧នាទីព្រឹក នៅពេលដែលជើងហោះហើរ Jeju Air បានបត់ចេញពីផ្លូវរត់ ខណៈពេលកំពុងចុះចត ហើយបានបុកនឹងជញ្ជាំងរបងអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងស្រុក Muan ខេត្ត South Jeolla ចម្ងាយប្រហែល ២៨៨ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងសេអ៊ូល។
អាជ្ញាធរបានបញ្ជាក់ថា មនុស្ស១២២នាក់បានស្លាប់ដោយសារគ្រោះថ្នាក់នេះគិតត្រឹមម៉ោង២និង៤៧នាទីរសៀល។
មន្ត្រីភ្នាក់ងារពន្លត់អគ្គីភ័យម្នាក់បាននិយាយថា “បន្ទាប់ពីយន្តហោះបានបុកជញ្ជាំង អ្នកដំណើរត្រូវបានធ្លាក់ចេញពីយន្តហោះ។ ឱកាសនៃការរស់រានមានជីវិតគឺទាបខ្លាំងណាស់” ។
មន្ត្រីរូបនេះបាននិយាយថា៖ «យន្តហោះស្ទើរតែត្រូវបានបំផ្លាញទាំងស្រុង ហើយវាពិបាកក្នុងការកំណត់អត្តសញ្ញាណអ្នកស្លាប់, យើងកំពុងស្ថិតក្នុងដំណើរការសង្គ្រោះ ដែលនឹងត្រូវការពេលវេលា»៕
ប្រែសម្រួលៈ ណៃ តុលា