សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍ថា ប្រធានាធិបតីស្តីទី កូរ៉េខាងត្បូង លោក Han Duck-soo បានឲ្យដឹងថា លោកគោរពសេចក្តីសម្រេចចោទ ប្រកាន់របស់រដ្ឋសភាប្រឆាំងនឹងរូបលោក ហើយនឹងរង់ចាំការសម្រេច របស់តុលាការធម្មនុញ្ញ។
សភាកូរ៉េខាងត្បូង បានបោះឆ្នោតកាលពីថ្ងៃសុក្រ ដើម្បីអនុម័តសំណើចោទប្រកាន់ប្រធានាធិបតីស្តីទី និងលោកនាយករដ្ឋមន្ត្រីលោក Han Duck Soo ដោយធ្វើឱ្យកាន់តែមានភាពចលាចលនៅក្នុងប្រទេស ដែលប្រធានាធិបតីដែលត្រូវបានចោទប្រកាន់រួចហើយនោះគឺលោក Yoon Suk Yeol រង់ចាំការកាត់ក្តី ដែលនឹងសម្រេចជោគវាសនានយោបាយរបស់លោក។
ការព្យួរតំណែងរបស់លោក Han បានធ្វើឱ្យឧបនាយករដ្ឋមន្ត្រីលលល Choi Sang Mok ក្លាយជាប្រធានាធិបតីស្តីទីទីពីររបស់កូរ៉េខាងត្បូងក្នុងរយៈពេលតិចជាងពីរសប្តាហ៍។ លោក Choi បានឲ្យដឹងថា រដ្ឋាភិបាលនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរក្សាស្ថិរភាពកិច្ចការរដ្ឋ នៅក្នុងសាររបស់លោកទៅកាន់សាធារណៈជន។
នៅថ្ងៃដដែលនោះផងដែរ តុលាការធម្មនុញ្ញ បានបើកសវនាការត្រៀមជាលើកដំបូងរបស់ខ្លួនសម្រាប់ការចោទប្រកាន់លោក Yoon ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក រយៈពេលខ្លីរបស់លោកនៅដើមខែនេះ ដោយបានប្តេជ្ញាថា នឹងដំណើរការយ៉ាងរហ័សលើការកាត់ទោសចោទប្រកាន់។
ញត្តិចោទប្រកាន់លោក Han ដែលសមាជិកសភាទាំង ១៩២ រូបមានវត្តមានបានបោះឆ្នោតជាឯកច្ឆ័ន្ទត្រូវអនុម័តនោះ ត្រូវបានដាក់ជូនដោយគណបក្សប្រជាធិបតេយ្យប្រឆាំងកាលពីថ្ងៃមុន បន្ទាប់ពីលោកបដិសេធមិន តែងតាំងមន្រ្តីយុត្ដិធម៌បន្ថែមដល់តុលាការធម្មនុញ្ញ។ បច្ចុប្បន្នតុលាការធម្មនុញ្ញមានចៅក្រមចំនួន ៦រូប ដែលនៅទំនេរចំនួន ៣អាសនៈ។
យោងតាមរដ្ឋធម្មនុញ្ញរបស់ ប្រទេសកូរ៉េខាងត្បូង ចលនាចោទប្រកាន់ប្រធានាធិបតីមួយរូប ទាមទារឱ្យមានការអនុម័តសំឡេងពីរភាគបីនៃសមាជិកសភា ខណៈដែលច្បាប់ផ្សេងទៀតទាំងអស់ ត្រូវការត្រឹមតែពាក់កណ្តាល ប៉ុណ្ណោះ។ រដ្ឋសភាមាន ៣០០ អាសនៈ។
គណបក្សប្រឆាំងដ៏ធំបំផុតក៏បានរាយបញ្ជីការបដិសេធរបស់លោក Han ក្នុងការចុះហត្ថលេខាលើច្បាប់ សម្រាប់ការស៊ើបអង្កេតរបស់ទីប្រឹក្សាពិសេសលើការដាក់ច្បាប់អាជ្ញាសឹករបស់លោក Yoon ក៏ដូចជាការចោទប្រកាន់អំពីអំពើពុក រលួយពាក់ព័ន្ធនឹងភរិយារបស់លោកប្រធានាធិបតី ដែលជាហេតុផលសម្រាប់ចលនានេះ៕
ប្រែសម្រួល ឈូក បូរ៉ា