ហ្គាហ្សា ៖ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានបញ្ជាក់ឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា កងទ័ពអ៊ីស្រាអ៊ែលបានឃាត់ខ្លួនលោក Hussam Abu Safia នាយកមន្ទីរពេទ្យ Kamal Adwan នៅភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប ។
សេចក្តីថ្លែងការណ៍ខាងលើនេះ បានធ្វើឡើងក្រោយពីអាជ្ញាធរសុខាភិបាល ដែលបានអះអាងថា កងទ័ពអ៊ីស្រាអ៊ែលបាននាំខ្លួនបុគ្គលិកពេទ្យរាប់សិបនាក់ចេញពីមន្ទីរពេទ្យ Kamal Adwan ក្នុងក្រុង Beit Lahia បូករួមទាំង Abu Safia ដោយនាំខ្លួនទៅកាន់មជ្ឈមណ្ឌលសួរចម្លើយ ។
គួររំលឹកថា កាលពីថ្ងៃសុក្រ អាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា បានរាយការណ៍ឲ្យដឹងថា មន្ទីរពេទ្យ Kamal Adwan ស្ថិតនៅក្រោមការឡោមព័ទ្ធដ៏តឹងរ៉ឹង ដែលមាននាយកដ្ឋានប្រតិបត្តិការ និងវះកាត់ មន្ទីរពិសោធន៍ អង្គភាពថែទាំ សេវារថយន្តសង្គ្រោះ និងឃ្លាំងទាំងអស់ត្រូវបានដុតបំផ្លាញផងដែរ ។
កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ប្រតិបត្តិការប្រឆាំង នឹងមន្ទីរពេទ្យមួយនេះត្រូវបានធ្វើឡើង ដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ដែលបង្ហាញពីវត្តមាន នៃហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការ “ភេរវករ” នៅក្នុងតំបន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)