ព័ត៌មានអន្តរជាតិ

ប៉ះទង្គិចគ្នា រវាងកងទ័ព អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន នៅច្រកព្រំដែនបណ្តាល ឲ្យស្លាប់ទាហានប៉ាគីស្ថាន អស់១៩នាក់ និងជនស៊ីវិល៣នាក់

AFP

កាប៊ុល ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំង បានកើតឡើង រវាងកងកម្លាំងព្រំដែនអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាននៅត្រង់ ចំណុចឆ្លងកាត់ព្រំដែន ដោយបានសម្លាប់ទាហានប៉ាគីស្ថានចំនួន១៩នាក់ និងជនស៊ីវិលអាហ្វហ្គានីស្ថានចំនួន៣នាក់ ។

សារព័ត៌មាន TOLO  បានរាយការណ៍ដោយដក ស្រង់ប្រភពពីក្រសួងការពារជាតិអាហ្វហ្គានីស្ថានថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងកំពុងបន្តកើតមាននៅខេត្ត Khost និង Paktia ស្ថិតនៅភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន ជាប់ព្រំដែនជាមួយប្រទេសប៉ាគីស្ថាន ។

កងកម្លាំងព្រំដែនអាហ្វហ្គានីស្ថាន បានដុតប៉ុស្តិ៍យោធាប៉ាគីស្ថានជាច្រើនកន្លែងនៅស្រុក Ali Shir នៃខេត្ត Khost និងដណ្តើមបានប៉ុស្តិ៍ប៉ាគីស្ថានចំនួន២នៅស្រុក Dand-e-Patan នៃខេត្ត Paktia ។

ប្រភពដដែលបានឲ្យដឹងទៀតថា ជនស៊ីវិលអាហ្វហ្គានីស្ថានចំនួន០៣នាក់បានបាត់បង់ជីវិតដោយសារគ្រាប់កាំភ្លើងត្បាល់បាញ់ដោយទាហានប៉ាគីស្ថាននៅស្រុក Dand-e-Patan ។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាបានកើតឡើង ក្រោយពីការវាយប្រហារតាមផ្លូវអាកាសដែលបានធ្វើឡើងដោយទាហានប៉ាគីស្ថាននៅខេត្ត Paktika កាលពីយប់ថ្ងៃអង្គារ ដែលបានសម្លាប់មនុស្សអស់ចំនួន៥១នាក់ ក្នុងនោះរួមទាំងស្ត្រី និងកុមារផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top