ហ្សាកាតា៖ កាលពីថ្ងៃសៅរ៍ មជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី បានចេញការព្រមានពីការធ្វើចរាចរណ៍អាកាសចរណ៍ ក្រោយពីភ្នំភ្លើង Lewotobi ស្ថិតនៅខេត្ត Nusa Tenggara ខាងកើតបានផ្ទុះឡើង ។
ចំពោះការផ្ទុះនេះដែរបានក្អែរផេះចេញពីភ្នំភ្លើងដែលមានកម្ពស់រហូតដល់ ២.០០០ម៉ែត្រ ដែលលាយឡំជាមួយនឹងផេះពណ៌ប្រផេះយ៉ាងក្រាស់បានរាយប៉ាយទៅតំបន់ភាគខាងជើង និងភាគឦសាននៃភ្នំភ្លើងនេះ ។
ការជូនដំណឹងអំពីភ្នំភ្លើងនេះដែលស្ថិតក្នុងកម្រិតប្រកាសអាសន្នពណ៌ទឹកក្រូចដែលប៉ះពាល់ដល់វិស័យអាកាសចរណ៍ ដែលនេះជាការព្រមានអំពីការហោះហើរក្នុងកម្រិតខ្ពស់បំផុតទី២ ត្រូវបានប្រកាស ដោយហាមឃាត់ការហោះហើរក្នុងរយៈកម្ពស់៥គីឡូម៉ែត្រជុំវិញតំបន់ភ្នំភ្លើង ហើយយន្តហោះត្រូវបានគេណែនាំឱ្យប្រុងប្រយ័ត្នចំពោះពពកខ្មៅដែលកើតពីផេះដែលអាចរំខានដល់ប្រតិបត្តិការហោះហើរ ។
ស្ថិតនៅក្នុងតំបន់ East Flores ភ្នំភ្លើង Lewotobi បច្ចុប្បន្ននេះស្ថិតក្នុងកម្រិតប្រកាសអាសន្នខ្ពស់បំផុត ជាមួយនឹងតំបន់គ្រោះថ្នាក់ដែលបានកំណត់លាតសន្ធឹង៥គីឡូម៉ែត្រជុំវិញភ្នំភ្លើង និងរហូតដល់៦គីឡូម៉ែត្រសម្រាប់នៅភាគនិរតី និងភាគឦសានគិតពីរណ្ដៅភ្នំភ្លើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា