ព័ត៌មានអន្តរជាតិ

Update : អ្នកស្លាប់ដោយសារធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង កើនដល់ ១៧៧នាក់ បាត់ខ្លួន២នាក់ និងអ្នកនៅរស់២នាក់

Yonhap News

បរទេស៖ អាជ្ញាធរបាននិយាយថា យន្តហោះដឹកអ្នកដំណើរចំនួន ១៨១នាក់ បានធ្លាក់ និងបានផ្ទុះនៅអាកាសយានដ្ឋានមួយនៅក្នុងស្រុក Muan ភាគនិរតីនៃប្រទេសកូរ៉េខាងត្បូងកាលពីព្រឹកថ្ងៃអាទិត្យនេះ គឺបានបណ្តាលឲ្យមនុស្សស្លាប់កើនដល់ ១៧៧ នាក់ហើយ និង ២នាក់ផ្សេងទៀតបាត់ខ្លួន, ចំណែកសមាជិកនាវិកពីរនាក់បានរួចជីវិត។

យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅល្ងាចថ្ងៃទី២៩ ខែធ្នូនេះថា គេបានកត់សម្គាល់នូវគ្រោះមហន្តរាយអាកាសចរណ៍ដ៏សាហាវបំផុតមួយផ្សេងទៀតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូង ហើយជាព្រឹត្តិការណ៍ដ៏អាក្រក់បំផុតដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចាប់តាំងពីការធ្លាក់យន្តហោះ Korean Air ដ៏សាហាវឆ្នាំ១៩៩៧ នៅទីក្រុង Guam ដែលបានសម្លាប់មនុស្ស ២២៥នាក់។

ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៩ព្រឹក នៅពេលដែលយន្តហោះ Jeju Air ដែលដឹកអ្នកដំណើរ ១៧៥នាក់ និងសមាជិកនាវិក ៦ នាក់បានធ្លាក់ចេញពីផ្លូវរត់ខណៈពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងតំបន់ Muan ខេត្ត South Jeolla ចម្ងាយប្រហែល ២៨៨ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងសេអ៊ូល។

យន្តហោះបានរអិលចុះចេញពីផ្លូវរត់ ដោយមិនបានទម្លាក់កង់មុខ ហើយបានធ្លាក់បុកទៅក្នុងជញ្ជាំងបេតុងរបស់អាកាសយានដ្ឋាន មុនពេលផ្ទុះជាអណ្តាតភ្លើង ។

អាជ្ញាធរ​បាន​បញ្ជាក់​ថា​មនុស្ស​ ១៧៧​នាក់​ បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នេះ ហើយ​បាន​និយាយ​ថា​សមាជិក​នាវិក​ពីរ​នាក់​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ដោយ​អ្នក​នៅ​សល់​ពីរ​នាក់​ត្រូវ​ចាត់​ទុក​ថា​បាត់​ខ្លួន។

ពួកគេបាននិយាយថាប្រតិបត្តិការស្វែងរកនឹងបន្តនៅពេលយប់ដើម្បីស្វែងរកអ្នកទាំងពីរដែលមិនទាន់មានដំណឹង។ មុន​នេះ​អាជ្ញាធរ​បាន​និយាយ​ថា​ពួកគេ​បាន​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ចំនួន ២២នាក់។

ក្រសួងដែនដីកូរ៉េខាងត្បូង បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា ប៉មគ្រប់គ្រងអាកាសយានដ្ឋានបានព្រមានពីការវាយប្រហាររបស់បក្សីត្រឹមតែប្រាំមួយនាទីមុនពេលធ្លាក់យន្តហោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top