ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី ទូរស័ព្ទទៅកាន់ប្រធានាធិបតីអាហ្សេបៃហ្សង់ ដើម្បីចូលរួមរំលែកទុក្ខ និងសុំទោស ចំពោះឧបទ្ទវហេតុធ្លាក់យន្តហោះដឹក​អ្នកដំណើរក្នុងសប្តាហ៍នេះ

RT NEWS

បរទេស៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានទូរស័ព្ទទៅកាន់សមភាគី អាហ្សេបៃហ្សង់ គឺលោក Ilham Aliyev ដើម្បីចូលរួមរំលែកទុក្ខចំពោះឧប្បត្តិហេតុធ្លាក់យន្តហោះដ៏អាក្រក់ដែលបានកើតឡើងនៅក្នុងប្រទេសកាហ្សាក់ស្ថានក្នុងសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោកពូទីន បានផ្តល់ការសុំទោសចំពោះការពិតដែលថា ជាឧបទ្ទវហេតុមួយ “បានកើតឡើងនៅក្នុងដែនអាកាសរុស្ស៊ី” ដោយបន្ថែមថា វាបានកើតឡើងក្នុងអំឡុងពេលការវាយឆ្មក់របស់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ដែលត្រូវបានបណ្តេញដោយការការពារដែនអាកាសរុស្ស៊ី។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា “យន្តហោះដឹកអ្នកដំណើរអាហ្សេបៃហ្សង់ ដែលបានមកដល់តាមកាលវិភាគបានធ្វើការព្យាយាមម្តងហើយម្តងទៀតដើម្បីចុះចតនៅព្រលានយន្តហោះក្នុង Grozny” ។ រដ្ឋធានីនៃសាធារណរដ្ឋឆេឆេនរបស់រុស្ស៊ី ក៏ដូចជាទីក្រុងផ្សេងទៀតនៅក្នុងតំបន់ “ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រយុទ្ធរបស់អ៊ុយក្រែននៅពេលនោះ ហើយការការពារដែនអាកាសរុស្ស៊ីកំពុងវាយលុកទៅលើការវាយប្រហារទាំងនោះវិញ” ។

អាហ្សេបៃហ្សង់ ដែលបានបាត់បង់ពលរដ្ឋខ្លួន ៤២ នាក់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះបានប្រកាសកាន់ទុក្ខជាតិសម្រាប់ជនរងគ្រោះ។ អ្នកស្លាប់ផ្សេងទៀតមានជនជាតិរុស្ស៊ី កាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន។ លោកពូទីន “បានរំលឹកឡើងវិញនូវការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ និងយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រួសារនៃអ្នកដែលត្រូវស្លាប់ ហើយបានជូនពរអ្នកនៅរស់រានមានជីវិតឱ្យឆាប់បានធូរស្បើយឡើងវិញ” នៅក្នុងកិច្ចសន្ទនារបស់គាត់ជាមួយប្រធានាធិបតីគឺលោក Aliyev ។

វិមានក្រឹមឡាំងបាននិយាយថា គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះសម្រាប់ការបំពានដែលអាចកើតមាននៃច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវអាកាស។ វិមានក្រឹមឡាំងបានបន្ថែមថា “អ្នកឯកទេសស៊ីវិល និងយោធា” នៅក្នុងប្រទេសរុស្ស៊ីកំពុងត្រូវបានចោទសួរអំពីព្រឹត្តិការណ៍នេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top