រ៉ូម៖ កាលពីថ្ងៃសុក្រ សភាជាន់ខ្ពស់របស់ប្រទេសអ៊ីតាលី បានអនុម័តច្បាប់ថវិកាសម្រាប់ឆ្នាំ២០២៥ ដែលជាតំណាក់កាលចុងក្រោយក្នុងការអនុម័តកញ្ចប់ថវិកាដែលមានទឹកប្រាក់ចំនួន ៣០ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល ៣១,២ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយថវិកានេះយកទៅប្រើប្រាស់ក្នុងគោលបំណងដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចតាមរយៈការកាត់បន្ថយពន្ធ ការលើកទឹកចិត្តសង្គម និងការចំណាយគោលដៅផ្សេងៗ ។
យោងតាមឯកសារដែលបានចេញផ្សាយកាលពីមុនបានឲ្យដឹងថា ជាងពាក់កណ្តាលនៃថវិកាខាងលើនឹងត្រូវបានបែងចែកដើម្បីកាត់បន្ថយពន្ធ និងរួមចំណែកដល់វិស័យសន្តិសុខសង្គម ។
ការបន្ធូរបន្ថយពន្ធនឹងត្រូវបានបន្តធ្វើដល់គ្រួសារដែលរកចំណូលបានរហូតដល់ ៤០.០០០អឺរ៉ូជារៀងរាល់ឆ្នាំ ខណៈអាជីវកម្ម ឬធ្វើការវិនិយោគឡើងវិញ នឹងត្រូវបានពិចារណាអំពីអត្រាពន្ធសាជីវកម្មរបស់ពួកគេដែលត្រូវបានកាត់បន្ថយពី២៤ ភាគរយមកនៅត្រឹម២០ភាគរយវិញ ។
ដើម្បីជួយផ្តល់មូលនិធិដល់វិធានការទាំងនេះ រដ្ឋាភិបាលបានស្នើសុំការរួមបដិភាគប្រមាណ ៣,៤ពាន់លានអឺរ៉ូពីធនាគារអ៊ីតាលីនៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយអត្រាកំណើតធ្លាក់ចុះរបស់ប្រទេសអ៊ីតាលី ថវិកាទាំងនេះរួមបញ្ចូលទាំងប្រាក់រង្វាន់ចំនួន ១.០០០អឺរ៉ូសម្រាប់ឪពុកម្តាយដែលទើបរៀបការថ្មីថ្មោងដែលមានប្រាក់ចំណូលគ្រួសាររហូតដល់៤០.០០០អឺរ៉ូក្នុង១ឆ្នាំ ។
លើសពីនេះទៅទៀត ទឹកប្រាក់ចំនួន ១,៣ពាន់លានអឺរ៉ូនឹងត្រូវបានបែងចែកទៅឱ្យប្រព័ន្ធសុខភាពជាតិជាចម្បងសម្រាប់ការដំឡើងប្រាក់ឈ្នួលដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យសង្គ្រោះបន្ទាន់ផ្សេងទៀតក្នុងអំឡុងឆ្នាំ២០២៨ ដល់ ២០៣០ខាងមុខ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា