BUENOS AIRES៖ អាជ្ញាធរនៅក្នុងតំបន់ បានរាយការណ៍កាលពីថ្ងៃសុក្រថា ភ្លើងឆេះព្រៃមួយបានបំផ្លាញព្រៃឈើ នៅក្នុងឧទ្យានជាតិ Nahuel Huapi ដ៏ល្បីល្បាញអស់ចំនួន ១.៤៥០ហិកតា នៅខេត្ត Rio Negro ស្ថិតនៅភាគខាងត្បូងនៃប្រទេសអាហ្សង់ទីន ។
របាយការណ៍ចេញពីរដ្ឋបាលឧទ្យានបានឲ្យដឹងថា ភ្លើងបានឆាបឆេះកាលពីថ្ងៃពុធ នៅតំបន់ភាគខាងត្បូងនៃឧទ្យានខាងលើនោះ ហើយបានឈានទៅដល់ ភាគខាងជើងនៃបឹង Martin ដោយឈានដល់តំបន់ដែលត្រូវបាន បំផ្លិចបំផ្លាញដោយភ្លើងឆេះព្រៃ នៅក្នុងឆ្នាំ២០២២ផងដែរ ។
របាយការណ៍បានដាក់ថា “សម្រាប់ហេតុផលសុវត្ថិភាព ផ្លូវលំនៅភាគខាងត្បូង និងភាគកណ្តាលនៃតំបន់អភិរក្សត្រូវបានបិទ” ។
របាយការណ៍បានដាក់ថា អ្នកពន្លត់អគ្គីភ័យចំនួន៤៦នាក់ ត្រូវបានដាក់ពង្រាយដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការពន្លត់អគ្គីភ័យដែលបានកើតឡើងនេះ និងធ្វើឱ្យប្រសើរឡើងវិញនូវ ផ្លូវគេចចេញដើម្បីធានាសុវត្ថិភាពនាវិក ហើយការមើលឃើញមិនច្បាស់ ដោយសារផ្សែងចេញពីភ្លើងឆេះព្រៃ ដែលបានធ្វើឱ្យប្រតិបត្តិការពីលើអាកាស មិនអាចដំណើរការទៅរួចឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា