សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យថា មានមនុស្សទាំងអស់ចំនួន១៧៩នាក់ នៅលើយន្តហោះដឹកអ្នកដំណើរ ដែលបានធ្លាក់នៅពេលចុះចត នៅឯអាកាសយានដ្ឋានមួយនៅភាគនិរតី នៃប្រទេសកូរ៉េខាងត្បូង ត្រូវបានបញ្ជាក់ថា បានស្លាប់ទំាងអស់ លើកលែងតែមនុស្ស ២នាក់ប៉ុណ្ណោះ ដែលត្រូវបានជួយសង្គ្រោះ ។
ប្រព័ន្ធផ្សព្វផ្សាយបានគេរាយការណ៍មកថា នៅវេលាម៉ោងប្រហែល ៩និង០៣នាទីព្រឹក ម៉ោងនៅក្នុងស្រុក យន្តហោះដែលមានអ្នកដំណើរចំនួន ១៧៥នាក់ ក្នុងរួមទាំងជនជាតិកូរ៉េខាងត្បូងចំនួន ១៧៣នាក់ និងជនជាតិថៃចំនួន ២នាក់ បូករួមជាមួយនឹងអ្នកបម្រើលើយន្តហោះចំនួន ៦នាក់ ស្ថិតនៅក្នុងពេលយន្តហោះធ្លាក់ ខណៈយន្តហោះបានព្យាយាមចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan នៅរយៈចម្ងាយប្រហែល ២៩០គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានីសេអ៊ូល ។
យន្តហោះ Jeju Air ជាជើងហោះហើរលេខ 7C2216 ហោះចេញពីទីក្រុងបាងកក ប្រទេសថៃឡង់ដ៏ បានចុះចតដោយគ្មានកង់ រអិលចេញពីផ្លូវរត់ ហើយបានបុកជញ្ជាំងខាងក្រៅនៃផ្លូវរត់ ដោយតួយន្តហោះបានបាក់ពាក់កណ្តាល និងឆាបឆេះឡើង ។
គេបានដឹងថា មានតែសមាជិកនាវិកចំនួន ២នាក់ប៉ុណ្ណោះ ដែលត្រូវបានជួយសង្គ្រោះនៅផ្នែកខាងក្រោយ នៃយន្តហោះដែលមានគ្រោះថ្នាក់នោះ ដែលផ្នែកភាគច្រើនត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយមនុស្សចំនួន ១៧៩នាក់ទៀតត្រូវបានបញ្ជាក់ថា បានស្លាប់ទាំងអស់ ។
អាជ្ញាធរពន្លត់អគ្គីភ័យបានជឿជាក់ថា ការវាយប្រហាររបស់សត្វស្លាបដែលនាំឱ្យ មានបញ្ហាដល់ឧបករណ៍ចុះចតដែលអាច បណ្តាលឱ្យមានគ្រោះថ្នាក់នេះកើតឡើង ។
បន្ទាប់ពីការប៉ុនប៉ងចុះចតលើកទី១ យន្តហោះបានហោះឡើងនៅលើអាកាស ដោយសារការប៉ាន់ប្រមាណថា ឧបករណ៍ចុះចតមិនដំណើរការ ហើយបានធ្វើការប៉ុនប៉ងចុះចតជាលើកទី២ជាមួយនឹងការចុះចតដោយសំយ៉ុងក្បាលមកមុន ដែលបណ្តាលឱ្យមានគ្រោះមហន្តរាយនេះតែម្តង ។
ខ្សែវីដេអូបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ បានបង្ហាញពីផ្សែងខ្មៅយ៉ាងក្រាស់ចេញពីយន្តហោះ Boeing 737-800 ដែលឆាបឆេះដោយអណ្តាតភ្លើង ហើយខ្សែវីដេអូមួយទៀតបានបង្ហាញម៉ាស៊ីនមួយ នៅស្លាបស្តាំរបស់យន្តហោះបញ្ចេញផ្សែង ជាមួយអណ្តាតភ្លើងនៅមុនពេលព្យាយាមចុះចត ។
មន្ត្រីម្នាក់នៅក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានលើកឡើងនៅក្នុង សន្និសីទសារព័ត៌មានតំណភ្ជាប់តាមទូរទស្សន៍ថា ការទាញយកទិន្នន័យរបស់ហោះហើរ និងឧបករណ៍ថតសំឡេងត្រូវបានបញ្ចប់ ដើម្បីពិនិត្យមើលគ្រោះមហន្តរាយនៅផ្លូវអាកាស ។
ក្រសួងដឹកជញ្ជូនបានដឹងទៀតថា វាអាចចំណាយពេលយ៉ាងតិចច្រើនខែទៅច្រើនឆ្នាំ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ នៃគ្រោះថ្នាក់មួយនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា