ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីអាមេរិកលោក Jimmy Carter ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ

AFP
" "

វ៉ាស៊ីនតោនើ មជ្ឈមណ្ឌល Carter បានឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិកលោក Jimmy Carter ដែលបានទទួលរង្វាន់ណូបែលសន្តិភាពឆ្នាំ២០០២ សម្រាប់ការរួមចំណែករបស់លោក ចំពោះសន្តិភាពនៅមជ្ឈិមបូព៌ា និងបន្ធូរបន្ថយភាពតានតឹង នៅឧបទ្វីបកូរ៉េក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ បានទទួលមរណភាព កាលពីថ្ងៃអាទិត្យក្នុងអាយុ ១០០ឆ្នាំ។

លោក Carter ដែលជាអតីតប្រធានាធិបតីអាមេរិក ដែលមានអាយុវែងជាងគេក្នុងប្រវត្តិសាស្ត្រ ដែលបានចូលមន្ទីរពេទ្យព្យាបាលជិតពីរឆ្នាំមុន បានទទួលមរណភាពនៅផ្ទះរបស់លោកនៅរដ្ឋ Georgia ។ លោក Chip Carter ដែលជាកូនប្រុសរបស់អតីតប្រធានាធិបតី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឪពុករបស់ខ្ញុំ គឺជាវីរៈបុរស មិនត្រឹមតែចំពោះខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែចំពោះអ្នកគ្រប់គ្នា ដែលជឿជាក់លើសន្តិភាព សិទ្ធិមនុស្ស និងសេចក្តីស្រឡាញ់ដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន”។

" "

លោក Carter ជាអ្នកនយោបាយយោធាជើងទឹក ត្រូវបានសម្ពោធបន្ទាប់ពីបម្រើការជាអភិបាលរដ្ឋ Georgia ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៥ និងជាសមាជិកព្រឹទ្ធសភារដ្ឋក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ មុនចូលប្រឡូកក្នុងឆាកនយោបាយ លោកជាអ្នកធ្វើចំការដាំសណ្តែកដី នៅក្នុងគ្រួសារបរស់លោក។ ក្នុងនាមជាប្រធានាធិបតីអាមេរិក ខាងប្រជាធិបតេយ្យពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៨១ លោក Carter បានធ្វើការដើម្បីជួយអ៊ីស្រាអែល និងអេហ្ស៊ីប ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង តាមរយៈអ្វីដែលហៅថាកិច្ចព្រមព្រៀង Camp David ក្នុងឆ្នាំ១៩៧៨។

" "

សហរដ្ឋអាមេរិក បានប្តូរការទទួលស្គាល់ការទូតរបស់ខ្លួន ទៅប្រទេសចិន ពីតៃវ៉ាន់ក្នុងឆ្នាំ១៩៧៩ ក្រោមការគ្រប់គ្រងរបស់លោក Carter ។ លោក Carter ក្នុងឆ្នាំដដែលបានចូលរួមកិច្ចប្រជុំកំពូល នៃបណ្តាប្រទេសឧស្សាហកម្មចំនួនប្រាំពីរ នៅទីក្រុងតូក្យូ ដែលរួមមានមេដឹកនាំអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ខាងលិច និងអ៊ីតាលី។

លោក Carter បានចាញ់លោក Ronald Reagan នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ១៩៨០ បន្ទាប់ពីលោកបានរងការរិះគន់ចំពោះ ការដោះស្រាយវិបត្តិចំណាប់ខ្មាំង នៅស្ថានទូតអាមេរិកក្នុងប្រទេសអ៊ីរ៉ង់ ដែលបានចាប់ផ្តើមកាលពីឆ្នាំមុន ក៏ដូចជាការធ្លាក់ចុះនៃសេដ្ឋកិច្ចផងដែរ។

លោកបានបង្កើតមជ្ឈមណ្ឌល Carter នៅអាត្លង់តា ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ផ្តោតលើការជំរុញសិទ្ធិមនុស្សនៅឆ្នាំ១៩៨២ ជាមួយសាកលវិទ្យាល័យ Emory ។ ក្នុងឆ្នាំ១៩៩៤ លោក Carter បានទទួលជោគជ័យក្នុងការបន្ធូរបន្ថយ ភាពតានតឹងជាមួយកូរ៉េខាងជើង ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែង នៃទណ្ឌកម្មលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយបានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង និងធ្វើកិច្ចពិភាក្សាជាមួយប្រធានាធិបតី គីម អ៊ីលស៊ុង របស់ប្រទេសនោះ ៕

To Top