សេអ៊ូល៖ យោងតាមមន្ត្រីអាមេរិកបានឲ្យដឹងថា អាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក គ្រោងជួយសមភាគីកូរ៉េខាងត្បូងរបស់ពួកគេ ជាមួយនឹងការស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់យន្តហោះ Jeju Air ដែលបានសម្លាប់មនុស្ស ១៧៩នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យ នៅពេលដែលជើងហោះហើរ Jeju Air 7C2216 បានធ្លាក់ចេញពីផ្លូវរត់ ខណៈពេលកំពុងចុះចត និងបានបុកនឹងរបងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងតំបន់ Muan County ចម្ងាយប្រហែល ២៩០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងសេអ៊ូល។
ការធ្លាក់យន្តហោះ Boeing 737-800 បានសម្លាប់មនុស្ស ១៧៩នាក់ ខណៈពីរនាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ។ នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលដែលបានផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានឲ្យដឹងថា ខ្លួនបានបង្កើតក្រុមមួយជាមួយនឹងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) ដើម្បីគាំទ្រដល់អាជ្ញាធរកូរ៉េខាងត្បូង ជាមួយនឹងការស៊ើបអង្កេតនេះ។
បើតាមមន្ត្រីទំនាក់ទំនងនៅ FAA បានឲ្យដឹងថា “NTSB កំពុងដឹកនាំក្រុមអ្នកស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក ដែលរួមមាន FAA និង ក្រុមហ៊ុន Boeing ដើម្បីជួយដល់ក្រុមប្រឹក្សាស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ ជាមួយនឹងការស៊ើបអង្កេតរបស់ពួកគេលើការធ្លាក់យន្តហោះ Jeju Air នៅថ្ងៃទី២៩ ខែធ្នូ” ។
រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានបញ្ជាក់ពីការចូលរួមរបស់អាជ្ញាធរអាមេរិកផងដែរ។ លោក Joo Jong-wan ប្រធានការិយាល័យគោលនយោបាយអាកាសចរណ៍នៅក្រុមហ៊ុនដឹកជញ្ជូនកូរ៉េខាងត្បូងបានឲ្យដឹងថា “ទាក់ទងទៅនឹងការស៊ើបអង្កេតគ្រោះថ្នាក់នេះ NTSB របស់សហរដ្ឋអាមេរិក បានសម្រេចចិត្តចូលរួម ហើយការពិភាក្សាកំពុងដំណើរការទាក់ទងនឹងការចូលរួមរបស់ក្រុមហ៊ុន Boeing និងក្រុមហ៊ុនផលិតម៉ាស៊ីន CFM International”៕
ប្រែសម្រួល ឈូក បូរ៉ា