ព័ត៌មានអន្តរជាតិ

យន្តហោះដឹកអ្នកដំណើររបស់កូរ៉េខាងត្បូង ត្រលប់មកអាកាសយានដ្ឋានវិញ បន្ទាប់ពីហោះឡើង ដោយសារបញ្ហាឧបករណ៍ចុះចត

Skytrax

សេអ៊ូល៖ យន្តហោះដឹកអ្នកដំណើររបស់កូរ៉េខាងត្បូងមួយគ្រឿង បានត្រឡប់ទៅកាន់អាកាសយានដ្ឋាននៃការចាកចេញវិញ បន្ទាប់ពីបានហោះឡើងនៅថ្ងៃច័ន្ទនេះ ជុំវិញបញ្ហាឧបករណ៍ចុះចតដូចគ្នា ដែលនាំឱ្យយន្តហោះដឹកអ្នកដំណើរមួយគ្រឿងធ្លាក់ ខណៈចុះចតកាលពីថ្ងៃអាទិត្យ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។

ជើងហោះហើរ Jeju Air 7C101 បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Gimpo ភាគខាងលិចទីក្រុងសេអ៊ូល ទៅកាន់កោះរមណីយដ្ឋានភាគខាងត្បូង Jeju នៅម៉ោង ៧ និង ៣៧នាទី ព្រឹក ម៉ោងក្នុងស្រុកថ្ងៃអាទិត្យ។ បញ្ហាឧបករណ៍ចុះចតត្រូវបានរកឃើញភ្លាមៗបន្ទាប់ពីវាបានហោះឡើង។ យន្តហោះ Boeing 737-800 បានត្រលប់មកអាកាសយានដ្ឋាន Gimpo នៅម៉ោង ៧ និង២៥នាទីព្រឹក ម៉ោងក្នុងស្រុក បន្ទាប់ពីជូនដំណឹងដល់អ្នកដំណើរ ១៦១នាក់នៅលើយន្តហោះ។

យន្តហោះដឹកអ្នកដំណើរ Boeing 737-800 ដាច់ដោយឡែកមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air បានធ្លាក់ខណៈពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Muan ចម្ងាយប្រហែល ២៩០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងសេអ៊ូលកាលពីថ្ងៃមុន។

ដោយសារតែម៉ាស៊ីនចុះចតខុសបច្ចេកទេស យន្តហោះបានចុះចតដោយគ្មានកង់ ហើយរអិលចេញពីផ្លូវរត់ទៅបុកជញ្ជាំងខាងក្រៅផ្លូវរត់ ដោយតួយន្តហោះបានដាច់ និងផ្ទុះឆេះតែម្តង ដែលបណ្ដាលឲ្យអ្នកដំណើរនៅលើយន្ដហោះ ១៧៩នាក់បានស្លាប់បាត់បង់ជីវិត និង ២នាក់ទៀតនៅរស់រានមានជីវិត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top