បរទេស៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានព្រមាននៅក្នុងលិខិតមួយផ្ញើទៅកាន់សហភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យថា ការទទួលយកដោយឥតលាក់លៀមនៃការសម្រេចចិត្តរបស់អ៊ុយក្រែន ក្នុងការបញ្ឈប់ការដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ី នឹងបង្កើនភាពតានតឹង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងលិខិតចំហដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមលោក Fico បានពណ៌នាអំពីទង្វើនេះថាខុស មិនសមហេតុផល និងទំនងជាបង្កឱ្យមានវិធានការតបតទៅវិញទៅមក។ កិច្ចសន្យាបច្ចុប្បន្នរយៈពេល ៥ឆ្នាំដើម្បីបញ្ជូនឧស្ម័នរុស្ស៊ីឆ្លងកាត់អ៊ុយក្រែននឹងផុតកំណត់នៅចុងឆ្នាំនេះ ហើយប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនមានចេតនាបន្តវានៅឆ្នាំក្រោយនេះទេ។
កាលពីដើមខែនេះ គណៈកម្មការអឺរ៉ុបបានឲ្យដឹងថា ខ្លួននឹងមិនគាំទ្រការពិភាក្សាលើការបន្តកិច្ចសន្យាដឹកជញ្ជូនឧស្ម័ន ឬស្វែងរកដំណោះស្រាយជំនួសដើម្បីរក្សាលំហូរនោះទេ ហើយវាក៏មិនបានចូលរួមក្នុងការចរចាណាមួយទាក់ទងនឹងបញ្ហានេះដែរ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។ លោក Fico បានព្រមានថា ការបញ្ចប់ការដឹកជញ្ជូនឧស្ម័ន នឹងធ្វើឱ្យប៉ះពាល់ដល់សហភាពអឺរ៉ុប ច្រើនជាងរុស្ស៊ី។
លោកបានរិះគន់លោក ហ្សេឡិនស្គី ចំពោះការប្រកាសជាឯកតោភាគីនូវការបិទច្រកឆ្លងកាត់ដោយមិនពិគ្រោះជាមួយស្ថាប័នអឺរ៉ុប ឬរដ្ឋសមាជិកដែលរងផលប៉ះពាល់។ លោក Fico បានឲ្យដឹងមុននេះថា រដ្ឋាភិបាលរបស់លោកនឹងពិចារណាលើវិធានការនានា រួមទាំងការកាត់ការផ្គត់ផ្គង់អគ្គិសនីដល់អ៊ុយក្រែនផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា