បរទេស៖ មន្ត្រីម្នាក់បាននិយាយនៅថ្ងៃចន្ទថា អង្គភាពស៊ើបអង្កេតរួម របស់ប្រទេសកូរ៉េខាងត្បូង បានស្នើសុំដីកាចាប់ខ្លួន ប្រធានាធិបតី Yoon Suk Yeol ដែលកំពុង ត្រូវបានព្យួរ ពីតំណែង ជុំវិញការដាក់ច្បាប់អាជ្ញា សឹករយៈពេលខ្លី របស់លោកកាល ពីដើមខែនេះ ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតី Yoon Suk Yeol បានខកខានក្នុង ការឆ្លើយតបទៅ នឹងការកោះហៅជាច្រើនដង សម្រាប់ការសាកសួរ ដោយប៉ូលីស និងការិយាល័យ ស៊ើបអង្កេត អំពើពុករលួយសម្រាប់មន្ត្រី ជាន់ខ្ពស់ ដែលកំពុងស៊ើប អង្កេតរួមគ្នាថា តើការប្រកាសច្បាប់ អាជ្ញាសឹកថ្ងៃទី ៣ ខែធ្នូរបស់លោក ស្មើនឹងការបះបោរ។
តុលាការនឹងសម្រេចថា តើត្រូវចេញដីកាចាប់ខ្លួន តាមសំណើនេះ ឬ យ៉ាងណា។
Yoon Kab-keun មេធាវីរបស់ប្រធានាធិបតី ដែលត្រូវបានព្យួរការងារ មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការ អត្ថាធិប្បាយរបស់ Reuters ទេ។
សូមជម្រាបថា លោក Yoon ត្រូវបានព្យួរពីអំណាចប្រធានាធិបតី បន្ទាប់ពីត្រូវបានសភា ចោទប្រកាន់កាលពីដើមខែនេះ ជុំវិញការសម្រេចចិត្តរបស់លោក ក្នុងការដាក់ច្បាប់អាជ្ញាសឹក ក្នុងរយៈពេលខ្លី៕
ប្រែសម្រួលៈ ណៃ តុលា