បេរូត៖ យ៉ាងហោចណាស់មនុស្ស ៤៥នាក់ត្រូវបានសម្លាប់ នៅចន្លោះថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២២ ខែធ្នូ នៅក្នុងការរំលោភលើកិច្ចព្រមព្រៀង បទឈប់បាញ់របស់អ៊ីស្រាអែល ជាមួយនឹងលីបង់ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
ប្រភពបាននិយាយក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះថា ក្នុងអំឡុងពេលនោះ កងទ័ពអ៊ីស្រាអែលក៏បានចាប់ខ្លួនមនុស្ស ១៧ នាក់មកពីទីប្រជុំជនជាប់ព្រំដែន ដែលសុទ្ធតែជាជនស៊ីវិលធ្វើការក្នុងវិស័យកសិកម្ម និងបសុសត្វ។
ប្រភពបានឲ្យដឹងថា ការបំពានរួមមានការ វាយប្រហារតាមអាកាស យន្តហោះដ្រូន និងការហោះហើរលើយន្តហោះ លើភាគខាងកើត និងខាងត្បូងនៃប្រទេសលីបង់ ការបាញ់ផ្លោងដោយកាំភ្លើងធំ ការបាញ់កាំភ្លើងយន្ត ការលុកលុយ ការឈូសឆាយផ្លូវថ្នល់ និងវាលកសិកម្ម ការតម្លើងរបាំងដី ក៏ដូចជាការដុត និងកម្ទេចរថយន្តជាដើម។
យោងតាមការប៉ាន់ ស្មានរបស់ក្រសួងការបរទេសលីបង់ ចន្លោះពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២២ ខែធ្នូ អ៊ីស្រាអែល បានបើកការ វាយប្រហារ តាមផ្លូវគោក និងផ្លូវអាកាសជាង ៨១៦ លើកប្រឆាំងនឹងប្រទេសលីបង់ ដោយបានបាញ់ផ្លោង ភូមិព្រំដែន ផ្ទះជាប់អន្ទាក់ បំផ្លាញសង្កាត់លំនៅដ្ឋាន និងការបិទផ្លូវ។
លោកស្រី Candice Ardell អនុប្រធានការិយាល័យ ប្រព័ន្ធផ្សព្វផ្សាយ របស់អង្គការសហប្រជាជាតិប្រចាំនៅលីបង់ (UNIFIL) បានឲ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានជូនដំណឹង ដល់កងកម្លាំងរបស់ខ្លួនថា សុវត្ថិភាពនៃកង រក្សាសន្តិភាព មិនអាចធានាបាននៅក្នុងតំបន់ជុំវិញតំបន់ Taybeh និង អ្នកល្បាតត្រូវតែជៀសវាងតំបន់នេះ។
លោកស្រីបានសង្កត់ធ្ងន់ថា “សុវត្ថិភាព នៃកងរក្សាសន្តិភាព គឺជាអាទិភាពកំពូល ហើយយើងនឹងមិនធ្វើអ្វី ដើម្បីដាក់ពួកគេឱ្យ មានហានិភ័យ ដែលមិនចាំបាច់” ។ លោកស្រីបានបន្ថែមថា “យើងរំលឹក IDF អំពីកាតព្វកិច្ចរបស់ពួក គេក្រោមដំណោះស្រាយ ១៧០១ ដើម្បីធានាសុវត្ថិភាពនៃកងរក្សាសន្តិភាព និងធានានូវសេរីភាព នៃការធ្វើចលនា របស់ពួកគេទូទាំងតំបន់ប្រតិបត្តិការ UNIFIL នៅភាគខាងត្បូងប្រទេសលីបង់”៕
ប្រែសម្រួល ឈូក បូរ៉ា