ព័ត៌មានអន្តរជាតិ

ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនរាប់សិបគ្រឿង

RT News

បរទេស៖ យោងតាមក្រសួងការពារជាតិនៅទីក្រុងមូស្គូ បានឲ្យដឹងថា កងការពារដែនអាកាសរុស្ស៊ីបានវាយលុក ជាបន្តបន្ទាប់នូវការវាយឆ្មក់របស់ យន្តហោះគ្មានមនុស្សបើក (UAV) របស់អ៊ុយក្រែននៅទូទាំងប្រទេស ដោយបានបាញ់ទម្លាក់ UAV ចំនួន ៦៨ គ្រឿង។ ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា ការវាយប្រហារមួយបានធ្វើឱ្យខូចខាត ដល់ឃ្លាំងស្តុកប្រេងក្នុងតំបន់ Smolensk ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែល បានចេញផ្សាយនៅថ្ងៃអង្គារ ក្រសួងការពារុស្ស៊ីបាននិយាយថា យន្តហោះគ្មានមនុស្សបើកចំនួន ២៥ គ្រឿងត្រូវបានស្ទាក់ចាប់ នៅពេលយប់នៅតំបន់ Bryansk, ១៧គ្រឿង7 នៅទូទាំង Crimea និង ១១គ្រឿង នៅតំបន់ Krasnodar ។ តំបន់ដែលរងផលប៉ះពាល់ផ្សេងទៀតរួមមានតំបន់ Smolensk ដែលមានយន្តហោះគ្មានមនុស្សបើកចំនួន ១០ គ្រឿង តំបន់ Tver មានពីរគ្រឿង និងមួយគ្រឿងនៅលើតំបន់ Rostov តំបន់ Kursk និង Kaluga ។ តំបន់ទាំងអស់មានទីតាំងនៅជិតព្រំដែនអ៊ុយក្រែន។

លោក Roman Zakharov ប្រធានស្រុក Yartsevo ក្នុងទីក្រុង Smolensk បានបញ្ជាក់ថា កំទេចកំទីពីយន្តហោះគ្មានមនុស្សបើកមួយ បានធ្លាក់វំឃ្លាំងផ្ទុកប្រេង ក្នុងតំបន់នោះ បណ្តាលឱ្យមានការធ្លាយប្រេង និងឆេះ។ លោក Zakharov បាននិយាយថា សេវាសង្គ្រោះបន្ទាន់បានគ្រប់គ្រងស្ថានការណ៍ ហើយគ្មានតំបន់លំនៅដ្ឋាន ណាមួយមានគ្រោះថ្នាក់នោះទេ ដោយបានជំរុញឱ្យអ្នកស្រុក គេចពីកម្ទេចកំទីយន្តហោះគ្មានមនុស្សបើកនោះ ប្រសិនបើជួបប្រទះ ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព៕

ប្រែសម្រួលៈ ណៃ តុលា

To Top