បរទេស៖ ជនរងគ្រោះបីនាក់ក្នុងភ្លើងឆេះស្លាប់ នៅក្នុងសណ្ឋាគារនៅជិតផ្លូវ Khao San ក្នុងទីក្រុងបាងកក ត្រូវបានគេកំណត់អត្តសញ្ញាណ រួមទាំងស្ត្រីជនជាតិប្រេស៊ីលដែលមិត្តប្រុស បានស្នើរសុំនាងកាលពីសប្តាហ៍មុនផងដែរ ខណៈដែលអាជ្ញាធរទេសចរណ៍ កំពុងរៀបចំសំណង។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ជនរងគ្រោះទាំងបីដែលបានស្លាប់ក្នុងគ្រោះអគ្គិភ័យនៅសណ្ឋាគារ The Ember នៅផ្លូវ Tanee ក្បែរផ្លូវ Khao San កាលពីយប់ថ្ងៃអាទិត្យ ត្រូវបានគេកំណត់អត្តសញ្ញាណថា ជាស្ត្រីប្រេស៊ីលអាយុ ២៤ ឆ្នាំ Pimentel Canales Albuquerque , បុរសអ៊ុយក្រែនអាយុ ២៧ ឆ្នាំ ឈ្មោះ Tuzov Victor និង បុរសជនជាតិអាមេរិកអាយុ ៣៥ឆ្នាំ ឈ្មោះ Freeman Timothy Jr.។
ស្ត្រីរូបនេះបានស្លាប់ក្នុងបន្ទប់ ដែលភ្លើងត្រូវបានគេជឿថាបានកើតឡើងដំបូង។ បុរសពីរនាក់ទៀតត្រូវបានគេប្រកាសថា ស្លាប់នៅមន្ទីរពេទ្យ Vajira និងមន្ទីរពេទ្យ Samitivej Chinatown ។
បន្ថែមលើសពីនេះ មនុស្សប្រាំពីរនាក់បានរងរបួស រួមទាំងអ្នកបច្ចេកទេសអគ្គីសនីនៅសណ្ឋាគារ Sorawut Liewhamai និងជនជាតិហូឡង់ពីរនាក់ Marvin Holtkamp និង Nadine Hueftlein។
អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយថា ក្រុមមន្ត្រីបានសន្មត់ថា អគ្គីភ័យបានចាប់ផ្តើមនៅក្នុងបន្ទប់លេខ ៥១១ ដោយសារតែវាបានបំផ្លាញតែបន្ទប់នោះ៕
ប្រែសម្រួលៈ ណៃ តុលា