បរទេស៖ មនុស្ស ១៧ នាក់បានរងរបួសនៅពេល ដែលរថយន្តក្រុងពីរជាន់ដឹកអ្នកវិស្សមកាលអឺរ៉ុប ពីទីក្រុងបាងកកទៅកាន់កោះ Phangan បានបុកឡានដឹកទំនិញនៅខេត្ត Chumphon កាលពីព្រឹកថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន បាងកក បុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ឡានក្រុងមានមនុស្សជិះចំនួន ៤៥ នាក់។ យោងតាមមូលនិធិ Chumphon Karnkusol Songkroh បានឲ្យដឹងថា ឡានក្រុងបានបុកពីក្រោយរថយន្តដឹកទំនិញ ដែលធ្វើដំណើរពីមុខលើផ្លូវលេខ ៤១ ក្នុងស្រុក Sawi ប្រហែលម៉ោង ៤ ទៀបភ្លឺ។
គ្រោះថ្នាក់ចរាចរណ៍នេះបានធ្វើឱ្យមនុស្ស ១៧នាក់រងរបួស និងត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យសាវី , ថុងតាកូ និងខេត្ត Chumphon ដើម្បីព្យាបាល។
Matichon online បានផ្សាយថា ឡានក្រុងនេះដំណើរការដោយ Lawal Transport Co.
ស្នងការរងប៉ូលិសស្រុក Sawi ខេត្ត Chumphon គឺលោកវីរៈសេនីយ៍ Kriengsak Wetchateng បានប្រាប់ Matichon ថា រថយន្តក្រុងកំពុងធ្វើដំណើរទៅកាន់កោះ Phangan ក្នុងខេត្ត Surat Thani ។
ប៉ូលិសបាននិយាយថា អ្នកបើកបរបានប្រាប់អ្នកស៊ើបអង្កេតថា គាត់មិនបានឃើញរថយន្តដឹកទំនិញនៅលើផ្លូវខាងមុខទេ ខណៈដែលគាត់បើកផ្លូវកោង ហើយងងឹត៕
ប្រែសម្រួលៈ ណៃ តុលា