មុនថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកជូនពរឆ្នាំថ្មី តាមរយៈអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងបណ្តាញ
អ៊ីនធើណេត។ ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុង ៖
ពេលវេលាកន្លងផុតទៅលឿនណាស់ ឆ្នាំថ្មីជិតចូលមកដល់ហើយ ខ្ញុំសូមសម្តែងការជូនពរដ៏ល្អបវរ ចំពោះអ្នកទាំងអស់គ្នាពីទីក្រុងប៉េកាំង !
ឆ្នាំ ២០២៤ យើងបានរួមគ្នាដើរឆ្លងកាត់ ពេលវេលាពេញមួយឆ្នាំ រួមគ្នាឆ្លងកាត់ព្យុះភ្លៀងនិងភាពល្អបវរ ខណៈនីមួយៗត្រូវបានផ្តិត ជាប់ជាមួយឆ្នាំដ៏វិសាមញ្ញនេះ ដែលធ្វើឱ្យយើងពិពណ៌នាមិនអស់ និងពិបាកបំភ្លេចបាន ។
យើងបានឆ្លើយតបយ៉ាងសកម្ម ចំពោះផលប៉ះពាល់ដែលនាំមកដោយបម្រែបម្រួលបរិយាកាសជាតិនិងអន្តរជាតិ បានដាក់ចេញគោលនយោបាយមួយចំនួន ដើម្បីជំរុញយ៉ាងប្រាកដប្រជា នូវកាអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ សេដ្ឋកិច្ចចិនបានស្តារឡើងវិញនិងមានភាពល្អប្រសើរ តាមការប៉ាន់ប្រមាណ ផលិតផលក្នុងស្រុកសរុបនឹងលើសពី ១៣០ ទ្រីលានយាន់ប្រាក់ចិន។ បរិមាណបង្កបង្កើនផលស្បៀងមានចំនួនលើសពី ០,៧ ទ្រីលានគីឡូក្រាម ប្រជាជនចិនមានស្បៀងដែលផលិតដោយខ្លួនឯងកាន់តែច្រើន។ ការអភិវឌ្ឍក្នុងតំបន់នានាមានភាពស៊ីសង្វាក់គ្នា និងមាននិន្នាការកាន់តែផុលផុស នគរូបនីយម្មបែបថ្មីនិងការស្តារនិងអភិវឌ្ឍជនបទរួមបញ្ចូលគ្នា ដែលបានជះឥទ្ធិពលវិជ្ជមានទៅវិញទៅមក ។ ការអភិវឌ្ឍបៃតងនិងកាបូនទាបត្រូវ បានជំរុញដោយស៊ីជម្រៅ ប្រទេសចិនដ៏ស្រស់ស្អាតបានលេចឡើងជាសន្សឹមៗ ។
យើងបានពូនជ្រំកម្លាំង ផលិតកម្មគុណភាពថ្មីដោយស្របទៅតាមលក្ខខណ្ឌក្នុងតំបន់ ឧស្សាហកម្មថ្មី ទិដ្ឋភាពមុខរបរថ្មីនិងរូបមន្តថ្មីបានលេចចេញជាបន្តបន្ទាប់។ បរិមាណផលិត រថយន្តថាមពលស្អាតមានចំនួនលើសពី ១០ លានគ្រឿងជាលើកដំបូង វិស័យសៀគ្វី បញ្ញាសិប្បនិមិ្មត និងទូរគមនាគមន៍កង់ទិចនិងវិស័យផ្សេងទៀតទទួលបានសមិទ្ធផលថ្មី។ យានអវកាស Chang’e-6 បានយកសំណាកដីពីផ្ទៃខាងក្រោយនៃភពព្រះចន្ទជាលើកដំបូង នាវាខួងយកប្រេងពីសមុទ្រជ្រៅសញ្ញា Mengxiang បានរុករកអាថ៌កំបាំងនៃសមុទ្រ ស្ពានឆ្លងសមុទ្រ Shenzhen-Zhongshan បានដាក់ឱ្យប្រើប្រាស់ ស្ថានីយសិក្សាស្រាវជ្រាវ Qinling នៅប៉ូលខាងត្បូងត្រូវបានបង្កើតឡើង ដែលបានបង្ហាញពីភាពក្លៀវក្លា របស់ប្រជាជនចិនក្នុងការរុករកអាថ៌កំបាំងនៃធម្មជាតិ ។
ឆ្នាំនេះ ខ្ញុំបានទៅត្រួតពិនិត្យការងារតាមមូលដ្ឋាន ឃើញថាអ្នកទាំងអស់គ្នាមានជីវភាពរស់នៅយ៉ាងសម្បូរបែប។ ផ្លែប៉ោម Huaniu ក្រុង Tianshui មានផ្លែធំនិងក្រហម, ផលនេសាទនៃភូមិ Aojiao កោះ Dongshan មានចំនួនច្រើន, ស្នាមញញឹមនៃរូបចម្លាក់ក្នុងរូងថ្ម Maijishan មានប្រវត្តិសាស្រ្តជាងពាន់ឆ្នាំ អតិថិធម៌នៃផ្លូវឌឿងហែម Liuchi ធ្វើឱ្យឥរិយាបថគ្រួសារបន្តពីមួយជំនាន់ទៅមួយជំនាន់។ នៅវិថីវប្បធម៌បុរាណក្រុង Tianjin មានមនុស្សច្រើនកកកុញ, នៅសហគមន៍ពហុជនជាតិ ក្រុង Yinchuan ប្រជាពលរដ្ឋមានភាពស្និទ្ធស្នាលជាមួយគ្នាដូចជាមហាគ្រួសារតែមួយ។ ចំពោះបញ្ហាឱកាសការងារនិងបង្កើនប្រាក់ចំណូល បញ្ហាថែទាំមនុស្សវ័យជរានិងចិញ្ចឹមបីបាច់កូនក្មេង បញ្ហាអប់រំនិងសុខាភិបាលជាដើមដែលអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ ខ្ញុំគិតគូរក្នុងចិត្តជាប់រហូត។ មួយឆ្នាំកន្លងមក សោធននិវត្តន៍មូលដ្ឋានត្រូវបានលើកកម្ពស់, អត្រាឥណទានទិញផ្ទះត្រូវបានកាត់បន្ថយ, ក្របខណ្ឌនៃការទូទាត់ដោយផ្ទាល់ក្នុងពេលមើលជំងឺត្រូវបានពង្រីកធំដែលបានផ្តល់ភាពងាយស្រួលដល់ការព្យាបាលជំងឺនៅខេត្ត-ក្រុងទីទៃគ្នា, ការយករបស់ចាស់ទៅប្តូររបស់ថ្មីដោយមានការប៉ះប៉ូវបានលើកម្ពស់គុណភាពរស់នៅ។ល។ អារម្មណ៍ទទួលបានរបស់អ្នកទាំងអស់គ្នាបានកើនឡើងយ៉ាងច្រើន។
ក្នុងទីលានប្រកួតនៃព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅក្រុងប៉ារីស កីឡាករកីឡាករិនីជម្រើសជាតិចិនបានខិតខំតស៊ូប្រកួតយ៉ាងអង់អាច ហើយទទួលបានលទ្ធផលដ៏ល្អបំផុត ក្នុងប្រវត្តិសាស្ត្រដែលប្រទេសចិនចូលរួមព្រឹត្តិការណ៍កីឡាអន្តជាតិនៅក្រៅប្រទេស ដែលបានបង្ហាញពីស្មារតីដ៏អង់អាចក្លៀវក្លា និងជឿជាក់លើខ្លួនឯងនៃយុវជនចិន។ កងទ័ពជើងទឹកនិងជើងអាកាសចិនបានអបអរសាទរខួប ៧៥ ឆ្នាំនៃការបង្កើតកងទ័ព ខណៈកងទ័ពរំដោះប្រជាជនចិនបានបង្ហាញពីមុខមាត់ថ្មីសន្លាង។ ពេលប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះទឹកជំនន់ គ្រោះព្យុះទីហ្វុងជាដើម សមាជិកបក្ស និងមន្ត្រីមូលដ្ឋានទាំងឡាយបានខ្នះខ្នែងធ្វើការនៅជួរមុខ រួមសាមគ្គីគ្នានិងជួយគ្នាទៅវិញទៅមក។ ពលករ អ្នកស្ថាបនា និងអ្នកបង្កើតអាជីពដ៏ច្រើនរាប់មិនអស់បានតស៊ូព្យាយាមដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន។ ខ្ញុំបានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ជាតិ និងគ្រឿងឥស្សរិយយសគោរមងារកិត្តិយសថ្នាក់ជាតិជូនចំពោះបុគ្គលឆ្នើមមកពីគ្រប់វិស័យ កិត្តិយសគឺជារបស់ពួកគេផង ហើយក៏ជារបស់អ្នកតស៊ូគ្រប់រូបដែលមានទំនួលខុសត្រូវផងដែរ។
ពិភពលោកបច្ចុប្បន្នមានភាពស្មុគស្មាញនិងភាពរង្គោះរង្គើ ក្នុងនាមជាប្រទេសធំដែលមានទំនួលខុសត្រូវ ប្រទេសចិនបានជំរុញយ៉ាងសកម្មនូវកំណែទម្រង់អភិបាលកិច្ចសកល និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពនៃប្រទេសសកលខាងត្បូង។ យើងបានជំរុញដោយស៊ីជម្រៅនិងជាក់ស្តែងនូវការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់, យើងបានប្រារព្ធដោយជោគជ័យនូវកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក, យើងបានផ្តួចផ្តើមគំនិតដ៏ជាក់លាក់ក្នុងវេទិកាទ្វេភាគី និងពហុភាគី ដូចជាកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ(SCO), កិច្ចប្រជុំប្រទេស BRICS, កិច្ចប្រជុំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC ), និងកិច្ចប្រជុំក្រុមប្រទេស G20 ជាដើម ដែលបានបំពេញបន្ថែមកម្លាំងវិជ្ជមានកាន់តែច្រើនដល់ការគាំពារសន្តិភាពនិងស្ថិរភាពនៃពិភពលោក ។
យើងបានអបអរសាទរខួប ៧៥ ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន យ៉ាងឱឡារិក និងបានរំលឹកឡើងវិញពីបម្រែបម្រួលដ៏ធំរបស់មាតុប្រទេស។ អរិយធម៌ប្រជាជាតិចិនដែលមាន ប្រវត្តិសាស្ត្រជាង ៥០០០ ឆ្នាំត្រូវបានបន្តវេនមកទល់បច្ចុប្បន្ន តួអក្សរ 中国 (មានន័យថា៖ ចិន)បានចារឹកក្នុងក្រអៅដួងចិត្ត របស់កុលបុត្រកុលធីតាចិនគ្រប់រូប។ សន្និសីទពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើដោយជោគជ័យ ដែលបានជំរុញបន្ថែមទៀតនូវការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ។ យើងបន្តបោះជំហានទៅមុខ តាមចរន្តយុគសម័យ នៃការធ្វើកំណែទម្រង់និងបើកទូលាយ ការធ្វើទំនើបកម្មតាមបែបផែនចិន មុខជានឹងមានអនាគតកាន់ តែធំធេងក្នុងខណៈត្រួតត្រាយកំណែទម្រង់និងបើកទូលាយ។
ឆ្នាំ២០២៥ យើងនឹង សម្រេចដោយពេញលេញនូវផែនការជាតិប្រាំឆ្នាំទី ១៤ ត្រូវអនុវត្តគោលនយោបាយ ដ៏កាន់តែសកម្មនិងប្រកបដោយប្រសិទ្ធិភាពកាន់តែខ្ពស់ , ត្រូវផ្តោតសំខាន់ លើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជំរុញការកសាងសមត្ថភាពផ្នែកបច្ចេកវិទ្យាខ្ពស់ ដោយពឹងផ្អែកលើខ្លួនឯង ដើម្បីរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃសេដ្ឋកិច្ចសង្គម។ បច្ចុប្បន្ន ការដំណើរការ នៃសេដ្ឋកិច្ចកំពុងប្រឈមមុខ នឹងសភាពថ្មីមួយចំនួន បញ្ហាមិនប្រាកដប្រជា មកពីខាងក្រៅនៅតែស្ថិតមាន និងមានសម្ពាធខាងការផ្លាស់ប្តូរ ពីកម្លាំងចលករចាស់ មកកម្លាំងចលករថ្មី ក៏ប៉ុន្តែ បញ្ហាទាំងនេះអាចពុះពារបានក្រោម កិច្ចខិតខំប្រឹងប្រែង។ យើងបានរីកចម្រើនក្រោមការទប់ទល់នឹងការវាយប្រហារពីព្យុះភ្លៀង យើងមានភាពកាន់តែខ្លាំងក្លា ក្រោយបានឆ្លងផុតពីការសាកល្បង អ្នកទាំងអស់គ្នាត្រូវមានជំនឿចិត្តដ៏ពេញលេញ។
មិនថាកិច្ចការគ្រួសារ ឬកិច្ចការជាតិ ការដែលធ្វើឱ្យប្រជាជនរស់នៅដោយមានសុភមង្គលជាកិច្ចការចម្បង។ គ្រប់ក្រុមគ្រួសារសុទ្ធតែទន្ទឹងរង់ចាំថាក្មេងៗនឹងអាចទទួលបានការអប់រំកាន់តែល្អ ចាស់ៗនឹងអាចទទួលបានសេវាកម្មថែទាំដ៏ល្អប្រសើរ យុវជនអាចមានឱកាសអភិវឌ្ឍន៍កាន់តែច្រើន។ ក្តីបំណងដ៏សាមញ្ញទាំងនេះគឺជាការប្រាថ្នាចំពោះជីវភាពរស់នៅដ៏ល្អបវរ។ យើងត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នា លើកកម្ពស់ឥតឈប់ឈរនូវកម្រិតកសាងនិងអភិបាលកិច្ចសង្គម បន្តបង្កបរិយាកាសដែលសុខដុមរមនានិងប្រកបដោយបរិយាបន្ន ដោះស្រាយរឿងតូចធំរបស់ប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីធ្វើឱ្យមនុស្សគ្រប់រូបមានស្នាមញញឹមកាន់តែច្រើន និងកាន់តែមានភាពកក់ក្តៅ ។
ក្នុងឱកាសខួប ២៥ ឆ្នាំនៃការដែលម៉ាកាវវិលត្រឡប់មកមាតុប្រទេសចិនវិញ ខ្ញុំបានទៅដល់ច្រាំងទន្លេ Haojiang ការអភិវឌ្ឍថ្មីនិងការប្រែប្រួលថ្មីធ្វើឱ្យខ្ញុំសប្បាយចិត្តណាស់។ យើងនឹងអនុវត្តយ៉ាងមុតមាំមិនងាករេនូវគោលនយោបាយប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរដើម្បីរក្សាវិបុលភាពនិងស្ថិរភាពយូរអង្វែងរបស់ហុងកុងនិងម៉ាកាវ។ ជនរួមជាតិនៃត្រើយទាំងសងខាងគឺជិតស្និទ្ធជាមហាគ្រួសារតែមួយ គ្មាននរណាអាចកាត់ផ្តាច់មនោសញ្ចេតនាជាឈាមជ័រតែមួយរបស់យើងបានជាដាច់ខាត ហើយក៏គ្មាននរណាអាចរារាំងនិន្នាការប្រវត្តិសាស្រ្តនៃការបង្រួបបង្រួមមាតុប្រទេសចិននោះឡើយ!
ខណៈឆ្លើយតបនឹងការវិវឌ្ឍខ្លាំងនៃបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលមិនធ្លាប់មានក្នុងមួយរយឆ្នាំ យើងត្រូវជម្នះរបាំងនិងការប៉ះទង្គិចដោយទឹកចិត្តយោគយល់គ្នា ត្រូវផ្តោតលើជោគវាសនានៃមនុស្សជាតិដោយចិត្តទូលាយ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយគ្រប់ប្រទេស ដើម្បីធ្វើជាអ្នកអនុវត្តនៃកិច្ចសហប្រតិបត្តិការមេត្រីភាព អ្នកជំរុញនៃការផ្លាស់ប្តូរអរិយធម៌ទៅវិញទៅមក និងជាអ្នកចូលរួមបង្កើតសហគមន៍រួមជោគវាសនានៃមនុស្សជាតិ ដើម្បីរួមគ្នាកសាងអនាគតដ៏ល្អបវររបស់ពិភពលោក។
ពិតមែនក្តីសុបិននៅឆ្ងាយក្តី តែបើខិតខំស្វែងរកនឹងអាចសម្រេចបាន, ពិតមែនបំណងប្រាថ្នាពិបាកបំពេញបានក្តី តែបើប្រកាន់ខ្ជាប់នឹងអាចសម្រេចបាន។ ក្នុងដំណើរថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិន មនុស្សគ្រប់រូបសុទ្ធតែជាតួអង្គសំខាន់ រាល់កិច្ចខិតខំតស៊ូសុទ្ធតែមានតម្លៃ រាល់ការរួមចំណែកសុទ្ធតែមានភាពអស្ចារ្យ។
ទឹកដីមាតុប្រទេសមានភាពរុងរឿង គ្រួសារនីមួយៗមានភាពសុខសាន្ត។ យើងនាំគ្នាស្វាគមន៍ឆ្នាំថ្មីប្រកបដោយក្តីសង្ឃឹម ។ សូមជូនពរមាតុប្រទេសទទួលបានទិន្នផលច្រើន មានភាពរុងរឿងថ្កុំថ្កើង! សូមជូនពរអ្នកទាំងអស់គ្នាសម្រេចបាននូវគ្រប់ភារកិច្ចដូចក្តីបំណង មានភាពសប្បាយរីករាយនិងមានភាពសុខសាន្តយូរអង្វែង!