ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Nippon សន្យាថា ខ្លួននឹងមិនកាត់បន្ថយសមត្ថភាព ផលិតក្នុងក្រុមហ៊ុន US Steel នោះទេក្នុងរយៈពេល ១០ឆ្នាំ

kyodo

តូក្យូ៖ ក្រុមហ៊ុន Nippon Steel Corp. បានសន្យាថា ខ្លួននឹងមិនកាត់បន្ថយសមត្ថភាពផលិតនៅរោងចក្រ United States Steel Corp. សម្រាប់រយៈពេល ១០ឆ្នាំនោះទេ នៅក្នុងសំណើចុងក្រោយបំផុត របស់ខ្លួនទៅកាន់រដ្ឋបាល ប្រធានាធិបតីលោក ចូ បៃដិន ក្នុងគោលបំណងឈ្នះ ការយល់ព្រម ដើម្បីទទួលបានអ្នកផលិត ដែលកំពុងជួប ការលំបាកមួយនេះ។

កាសែត Washington Post បានចុះផ្សាយថា ក្រុមហ៊ុនផលិត ដែករបស់ជប៉ុន បានបញ្ជូនសំណើរបស់ខ្លួន ទៅកាន់សេតវិមាន កាលពីថ្ងៃចន្ទ បន្ទាប់ពីក្រុម នៃទីភ្នាក់ងារសហព័ន្ធរបស់សហរដ្ឋអាមេរិក បានបរាជ័យក្នុងការ សម្រេចបានការឯកភាពគ្នាថាតើត្រូវយល់ព្រមលើការលក់ក្រុមហ៊ុនដែក ថែបរបស់សហរដ្ឋអាមេរិកក្នុងចំនួន ទឹកប្រាក់ ១៤,១ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុន Nippon Steel ដោយបន្សល់ទុកការ សម្រេចចិត្តចុងក្រោយដល់លោក បៃដិន។

ក្រុមហ៊ុនផលិតដែកទាំងពីរ បានឲ្យដឹងកាលពីសប្តាហ៍មុនថា ពួកគេត្រូវបានជូនដំណឹង ដោយគណៈកម្មាធិការ វិនិយោគបរទេស នៅសហរដ្ឋអាមេរិកថា ខ្លួនមិនអាចឈានដល់កិច្ច ព្រមព្រៀងលើកិច្ចព្រមព្រៀងនោះទេ។

ក្រុមប្រឹក្សានេះត្រូវបានគេស្គាល់ថាជា CFIUS ដឹកនាំដោយលេខាធិការ រតនាគារលោកស្រី Janet Yellen ។  វាមានទំនួលខុសត្រូវក្នុងការពិនិត្យ មើលថាតើប្រតិបត្តិការវិនិយោគបរទេស ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអាមេរិក គំរាមកំហែងដល់សន្តិសុខជាតិដែរឬទេ។

លោក បៃដិន ដែលនឹងចាកចេញ ពីតំណែងនៅថ្ងៃទី២០ ខែមករា និងប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ទាំងពីរនាក់បានជំទាស់ ជាសាធារណៈនូវកិច្ចព្រមព្រៀង ដែលបានប្រកាសដោយ ក្រុមហ៊ុនផលិតដែក ដ៏ធំបំផុតរបស់ប្រទេសជប៉ុន និងក្រុមហ៊ុនផលិតដែកសហរដ្ឋអាមេរិក កាលពីខែធ្នូឆ្នាំមុន។

កាសែត Washington Post បានបន្ដថា សំណើរបស់ Nippon Steel ធានាមិនកាត់បន្ថយសមត្ថភាពផលិតនៅក្រុមហ៊ុន US Steel នៅរដ្ឋ Pennsylvania, Alabama, Arkansas, California, Indiana និង Texas ដោយគ្មានការយល់ព្រមពី CFIUS នោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top