បរទេស៖ ប្រទេសចិនបានបដិសេធយ៉ាងដាច់អហង្ការថា ខ្លួនគឺមិនបាននៅពីក្រោយការវាយប្រហារតាមអ៊ីនធឺណិតដែលឧបត្ថម្ភដោយរដ្ឋលើក្រសួងហិរញ្ញាវត្ថុសហរដ្ឋអាមេរិកនោះទេ បន្ទាប់ពីការចោទប្រកាន់កាលពីថ្ងៃចន្ទថា ពួក Hacker ដែលភ្ជាប់ទៅទីក្រុងប៉េកាំង បានចូលប្រើឯកសាររសើប និងស្ថានីយការងារនៅក្នុងអ្វីដែលមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោនបានហៅថាជាការរំលោភសន្តិសុខ “ដ៏សំខាន់” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះ “ការចោទប្រកាន់ដែលគ្មានមូលដ្ឋានដែលខ្វះភស្តុតាងបែបនេះ”។
អ្នកនាំពាក្យរូបនេះបាននិយាយថា “ប្រទេសចិនតែងតែប្រឆាំងគ្រប់ទម្រង់នៃការវាយប្រហាររបស់ពួក Hacker ហើយយើងកាន់តែប្រឆាំងទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតប្រឆាំងនឹងប្រទេសចិនក្នុងគោលបំណងនយោបាយ”។
ការបំពានដែលត្រូវបានរកឃើញនៅថ្ងៃទី ៨ ខែធ្នូដោយក្រុមហ៊ុនសន្តិសុខអ៊ីនធឺណេត BeyondTrust ពាក់ព័ន្ធនឹងការលួចសោសុវត្ថិភាពដែលអនុញ្ញាតឱ្យចូលប្រើដោយគ្មានការអនុញ្ញាតចំពោះឯកសារដែលមិនបានចាត់ថ្នាក់លើប្រព័ន្ធរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក។ ចាប់តាំងពីពេលនោះមក ក្រសួងបានយកម៉ាស៊ីនដែលរងផលប៉ះពាល់នៅក្រៅបណ្តាញ ហើយធានាដល់សាធារណជនថា មិនមានភស្តុតាងណាមួយដែលបង្ហាញថាពួក Hacker បន្តចូលដំណើរការនោះទេ។ មន្ត្រីអាមេរិកបានចង្អុលទៅក្រុងប៉េកាំង ប៉ុន្តែមិនបានបង្ហាញភស្តុតាងជាសាធារណៈទេ៕
ប្រែសម្រួលៈ ណៃ តុលា