ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Gazprom បញ្ឈប់ការដឹកជញ្ជូនឧស្ម័នឆ្លងកាត់អ៊ុយក្រែន នៅពេលដែលកិច្ចព្រមព្រៀងផុតកំណត់

ម៉ូស្គូ៖ ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom បានឲ្យដឹងថា ខ្លួនបានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័ន សម្រាប់ការឆ្លងកាត់ប្រទេសអ៊ុយក្រែន ដោយសារការផុតកំណត់ នៃកិច្ចព្រមព្រៀងសំខាន់ៗ និងការខ្វះខាតការបន្តដោយភាគីអ៊ុយក្រែន។

កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ រួមមានកិច្ចសន្យារវាងក្រុមហ៊ុន Gazprom និងក្រុមហ៊ុនប្រេង និងឧស្ម័នជាតិអ៊ុយក្រែន Naftogaz ស្តីពីការដឹកជញ្ជូនឧស្ម័នរុស្ស៊ីឆ្លងកាត់ទឹកដីអ៊ុយក្រែន និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រតិបត្តិករ នៃប្រព័ន្ធបញ្ជូនឧស្ម័នរបស់ប្រទេសទាំងពីរ។ 

ក្រុមហ៊ុន Gazprom បានឲ្យដឹងនៅលើ Telegram ថាកិច្ចព្រមព្រៀងទាំងនេះបានផុតកំណត់ជាផ្លូវការនៅម៉ោង ៨ព្រឹកម៉ោងនៅទីក្រុងម៉ូស្គូ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រុមហ៊ុន Gazprom បានឲ្យដឹងថា អ៊ុយក្រែនបានបដិសេធម្តងហើយម្តងទៀត និងច្បាស់លាស់ក្នុងការបន្តកិច្ចព្រមព្រៀងទាំងនេះ ដោយទុកឱ្យក្រុមហ៊ុនរុស្ស៊ី ដោយគ្មានមធ្យោបាយបច្ចេកទេសនិងផ្លូវច្បាប់ ដើម្បីបន្តការដឹកជញ្ជូនឧស្ម័នឆ្លងកាត់អ៊ុយក្រែន។

ហេតុដូច្នេះ ការផ្គត់ផ្គង់ឧស្ម័នរុស្ស៊ីឆ្លងកាត់ ទឹកដីអ៊ុយក្រែនបានឈប់នៅម៉ោង ៨ ព្រឹក ម៉ោងនៅទីក្រុងមូស្គូថ្ងៃពុធ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top