សេអ៊ូល៖ ប៉ូលិសប្រចាំតំបន់បានប្រកាស ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា លោក Kim E-Bae នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញ ពីប្រទេសកូរ៉េខាងត្បូង។
ទីភ្នាក់ងារប៉ូលិសជាតិ Jeonnam កំពុងធ្វើការស៊ើបអង្កេតទៅលើ គ្រោះមហន្តរាយយន្តហោះ Jeju ដោយបានហាមឃាត់មន្ត្រីចំនួន០២រូបរបស់ក្រុមហ៊ុន Jeju Air រួមទាំងលោក Kim E-Bae មិនឱ្យចាកចេញពីប្រទេសឡើយ គិតចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២៤តទៅ ។
មន្ត្រីទាំង២រូបនេះត្រូវបានគេជឿថា ជា “មនុស្សដ៏សំខាន់” នៅគ្រាដែលប៉ូលិសកំពុងស៊ើបអង្កេតជុំវិញ ការចោទប្រកាន់នៃឧប្បត្តិហេតុធ្លាក់យន្តហោះ ។
យន្តហោះរបស់ក្រុមហ៊ុន Jeju Air ជើងហោះហើរលេខ 7C2216 បានចាកចេញពីទីក្រុងបាងកក ប្រទេសថៃឡង់ដ៏ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Muan ស្ថិតនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង បានធ្លាក់ខណៈដែលធ្វើការចុះចតដោយគ្មានកង់ ដោយបានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ១៧៩នាក់ ដែលនៅលើយន្តហោះនោះ ខណៈសមាជិកនាវិកចំនួន ២នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា