ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធជាមួយរដ្ឋបាលថ្មីរបស់អាមេរិក

AFP

សេអ៊ូល៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok  បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយរដ្ឋបាលសហរដ្ឋអាមេរិក ដែលចូលមកថ្មី ដោយកៀរគរធនធាន ដែលមានទាំងអស់ សម្រាប់បញ្ហានេះ នេញបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

លោក Choi បានធ្វើការកត់សម្គាល់នេះ ខណៈពេលកំពុងធ្វើជាអធិបតីក្នុងកិច្ចប្រជុំមួយ ដែលចូលរួមដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ការទូត និងឧស្សាហកម្ម ដើម្បីវាយតម្លៃការត្រៀមខ្លួនរបស់រដ្ឋាភិបាល មុនពេលការចាប់ផ្តើមនៃរដ្ឋបាលលោក ដូណាល់ ត្រាំ លើកទីពីរនៅចុងខែនេះ។ លោកបានល់កឡើងថា “យើងនឹងប្រើប្រាស់យ៉ាងពេញលេញនូវធនធាន ដែលមានទាំងអស់ ដើម្បីចូលរួមក្នុងការទំនាក់ទំនង និងការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធភ្លាមៗ បន្ទាប់ពីរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ចូលកាន់តំណែង”។

លោកក៏បានលើកឡើងពីលទ្ធភាពនៃ ភាពមិនច្បាស់លាស់កើនឡើងយ៉ាងខ្លាំង ដោយបង្កើនការព្រួយបារម្ភអំពីភាពខ្វះខាត ដែលអាចកើតមាននៅក្នុងយុទ្ធសាស្ត្រឆ្លើយតប របស់ប្រទេសក្នុងអំឡុងពេលអន្តរកាលដ៏សំខាន់នេះ។ លោកបានបន្ថែមថា «នៅពេលដែលភាពមិនច្បាស់លាស់ថយចុះ សេដ្ឋកិច្ចរបស់យើងនឹងប្រសើរឡើង យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីគ្រប់គ្រងសេដ្ឋកិច្ចឲ្យមានស្ថិរភាព»។

កិច្ចប្រជុំដែលត្រូវបានផ្តួចផ្តើម ឡើងក្រោមការដឹកនាំរបស់លោក Choi មានគោលបំណងបង្កើតយុទ្ធសាស្រ្តជាប្រព័ន្ធ សម្រាប់សេដ្ឋកិច្ចជំរុញការនាំចេញរបស់កូរ៉េខាងត្បូង ដើម្បីឆ្លើយតបទៅនឹងហានិភ័យ កើនឡើងពីគោលនយោបាយគាំពារនិយម ដែលមានសក្តានុពលក្រោមរដ្ឋបាលថ្មី របស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top