សេអ៊ូល៖ នៅថ្ងៃចន្ទនេះ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង រយៈចម្ងាយមធ្យម ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួន។
យោងតាមអគ្គសេនាធិការចម្រុះ ហៅកាត់ JCS បានឱ្យដឹងថា យោធាកូរ៉េខាងត្បូងបានរកឃើញមីស៊ីលចំនួន ១គ្រាប់ដែលគេជឿថា ជាមីស៊ីលផ្លោងបាញ់ក្នុងរយៈចម្ងាយមធ្យម ដែលត្រូវបានបាញ់ឆ្ពោះទៅកាន់ ដែនទឹកភាគខាងកើតពីតំបន់ទីក្រុងព្យុងយ៉ាង នៅពាក់កណ្តាលថ្ងៃត្រង់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៣និង០០នាទីម៉ោងសកល ។
អគ្គសេនាធិការខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាបានពង្រឹងការឃ្លាំមើល និងការប្រុងប្រយ័ត្នរបស់ខ្លួនក្នុងការរៀបចំ សម្រាប់ការបាញ់បង្ហោះបន្ថែមទៀត និងរក្សាជំហរត្រៀមខ្លួនពេញលេញរបស់ខ្លួន ខណៈដែលចែករំលែកព័ត៌មានសម្ងាត់ ដែលពាក់ព័ន្ធយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក និងប្រទេសជប៉ុន ។
អគ្គសេនាធិការដដែលនេះបានកត់សម្គាល់ថា ការបាញ់សាកល្បងមីស៊ីលជាលើកដំបូង របស់ប្រទេសកូរ៉េខាងជើង ក្នុងរយៈពេលប្រហែល២ខែ បន្ទាប់ពីការបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លីកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា