បរទេស៖ ប្រទេសកូរ៉េខាងជើងបានឱ្យដឹងនៅថ្ងៃអង្គារថា ការសាកល្បងអាវុធចុងក្រោយបំផុត របស់ខ្លួនគឺជាមីស៊ីលរយៈចម្ងាយមធ្យមលឿន ជាងសំឡេងថ្មីដែលត្រូវបានរចនាឡើង ដើម្បីវាយប្រហារគោលដៅ ដាច់ស្រយាលនៅប៉ាស៊ីហ្វិក ខណៈដែលមេដឹកនាំលោក គីមជុងអ៊ុន បានប្តេជ្ញាពង្រីកការប្រមូលផ្តុំ អាវុធនុយក្លេអ៊ែរបន្ថែមទៀត ដើម្បីទប់ទល់នឹងប្រទេសគូប្រជែង។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានកើតឡើងមួយថ្ងៃបន្ទាប់ពី យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរកឃើញកូរ៉េខាងជើងបានបាញ់ មីស៊ីលដែលហោះបានចម្ងាយ ១.១០០គីឡូម៉ែត្រ មុនពេលធ្លាក់ក្នុងដែនទឹកចន្លោះឧបទ្វីបកូរ៉េ និងប្រទេសជប៉ុន។ ការបាញ់បង្ហោះដែលធ្វើឡើង ប៉ុន្មានសប្តាហ៍មុនពេលលោក Donald Trump ត្រឡប់មកធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក បានកើតមានឡើងកាលពីឆ្នាំ ដ៏គួរឱ្យភ័យខ្លាចក្នុងការសាកល្បងអាវុធ។
កូរ៉េខាងជើងបានបង្ហាញប្រព័ន្ធសព្វាវុធ ជាច្រើនកាលពីឆ្នាំមុន ដែលអាចកំណត់គោលដៅ ដល់ប្រទេសជិតខាងរបស់ខ្លួន និងសហរដ្ឋអាមេរិក រួមទាំងកាំជ្រួចមីស៊ីលអន្តរទ្វីប ហើយមានការព្រួយបារម្ភថាសមត្ថភាពយោធា របស់ប្រទេសកូរ៉េខាងជើងអាចឈានទៅមុខបន្ថែមទៀត តាមរយៈការផ្ទេរបច្ចេកវិទ្យាពីរុស្ស៊ី ខណៈដែលប្រទេសទាំងពីរកំពុង ស្ថិតលើតំបន់សង្គ្រាមនៅអ៊ុយក្រែន។
កូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបាញ់សាកល្បងកាំជ្រួចរយៈចម្ងាយមធ្យមជាច្រើន ហើយប្រសិនបើល្អឥតខ្ចោះ វាអាចទៅដល់មជ្ឈមណ្ឌលយោធាប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិកនៃកោះហ្គាំ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កូរ៉េខាងជើងបាននឹងកំពុងធ្វើតេស្តរួមបញ្ចូលគ្នា នូវកាំជ្រួចទាំងនេះជាមួយនឹងក្បាលគ្រាប់ ដែលមានល្បឿនលឿនជាងសំឡេង ដើម្បីបង្កើនសមត្ថភាព រស់រានមានជីវិតរបស់ពួកគេ ៕
ប្រែសម្រួលៈ ណៃ តុលា