បរទេស៖ បានប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ ដឹកអ្នកគាំទ្រចូលរួមអបអរសាទរក្រុមបាល់ទាត់ ខណៈអ្នកបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង បាននាំឲ្យអ្នកបើកបរត្រូវបាន ផាកពិន័យសរុបចំនួន ៦០ លានដុង ហើយរថយន្តត្រូវបានឃាត់ទុកជាបណ្តោះអាសន្ន។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែមករា អ្នកបើកបរអាយុ៣៤ឆ្នាំ មកពីស្រុក Yen Dinh ខេត្ត Thanh Hoa ត្រូវបានពិន័យជាប្រាក់ចំនួន ៦០លានដុង ដោយក្រុមនគរបាលចរាចរណ៍លេខ១៤ ពីបទប្រើប្រាស់ឧបករណ៍អទិភាព ក្នុងគោលបំណងខុស ដោយបើកបរដោយមានកំហាប់ជាតិអាល់កុលលើសពី ០,៤មីលីក្រាម/លីត្រ និងមិនមានប័ណ្ណបើកបរ និងឯកសារពាក់ព័ន្ធ។
មុននោះនៅវេលាម៉ោង១១និង៥៥នាទីយប់ ថ្ងៃទី៥ ខែមករា បុរសអ្នកបើកបរបានប្រើរថយន្តដែលមានស្លាកសញ្ញារថយន្តសង្គ្រោះបន្ទាន់ និងឧបករណ៍អាទិភាព ប៉ុន្តែបែរជាបើកដឹកអ្នកគាំទ្រដើម្បីទៅអបអរក្រុមវៀតណាមទៅវិញ។ ក្នុងពេលធ្វើដំណើររថយន្តមិនបានបិទទ្វារក្រោយនោះទេ ហើយមានមនុស្ស៣នាក់នៅក្នុងរថយន្ត ។ ពេលមកដល់ផ្លូវ Nghiem Xuan Yem ស្រុក Hoang Mai រថយន្តត្រូវបានក្រុមការងារនៃ ក្រុមប៉ូលិសចរាចរណ៍ផ្លូវគោកលេខ ១៤ សុំឱ្យឈប់។
ក្នុងការចុះត្រួតពិនិត្យ ប៉ូលិសបានរកឃើញថា បុរសអ្នកបើកបរបានប្រព្រឹត្តល្មើសជាច្រើនករណី រួមមានកំហាប់ជាតិអាកុល ០,៥១៤មីលីក្រាម/លីត្រ លើសកម្រិតអតិបរិមា០,៤មីលីក្រាមក្នុងមួយលីត្រខ្យល់ តាមក្រឹត្យ ១៦៨/២០២៤ ។ តំណាងក្រុមនគរបាលចរាចរណ៍ផ្លូវគោកលេខ១៤ បានឲ្យដឹងថា នេះជាករណីទី១ ដែលអង្គភាពរកឃើញមានជាតិអាល់កុលលើសពី ០,៤មីលីក្រាម/លីត្រ ចាប់តាំងពីអនុក្រឹត្យលេខ១៦៨ ចូលជាធរមានកាលពីថ្ងៃទី១ ខែមករា។ រថយន្តត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីចាត់ការបន្ត។
នៅល្ងាចថ្ងៃទី ៥ ខែមករា និងព្រឹកព្រលឹមថ្ងៃទី ៦ ខែមករា បន្ទាប់ពីក្រុមវៀតណាមបានយកឈ្នះក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតជើងទី ២ នៃពានរង្វាន់ ASEAN Cup ឆ្នាំ 2024 វគ្គផ្តាច់ព្រ័ត្រនៅប្រទេសថៃនោះ អ្នកគាំទ្ររាប់ម៉ឺននាក់បាននាំគ្នាដង្ហែ តាមដងផ្លូវទូទាំងប្រទេសដើម្បីអបអរសាទរ។ ខណៈមនុស្សជាច្រើនបានគោរពច្បាប់ចរាចរណ៍ ក៏នៅមានការល្មើសខ្លះដែរ ៕
ប្រែសម្រួលៈ ណៃ តុលា