តូក្យូ៖ ក្រុមហ៊ុន Nvidia Corp. បានឲ្យដឹងថា ខ្លួននឹងផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកទំនើប (បន្ទះឈីប) របស់ខ្លួនដល់ក្រុមហ៊ុន Toyota Motor Corp. ដើម្បីជួយក្រុមហ៊ុនផលិតរថយន្តជប៉ុន អភិវឌ្ឍបច្ចេកវិទ្យាទាក់ទងនឹងយានយន្តស្វ័យប្រវត្តិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ័ត៌មានក្យូដូជប៉ុន។
ទន្ទឹមនឹងឧបករណ៍ដែលត្រូវបានរចនាឡើងជាពិសេស សម្រាប់ប្រើប្រាស់ក្នុងរថយន្តគ្មានអ្នកបើកបរ ក្រុមហ៊ុនបន្ទះឈីបយក្សដែលមានមូលដ្ឋាន នៅរដ្ឋកាលីហ្វ័រញ៉ាមួយនេះ បានឲ្យដឹងថា ខ្លួននឹងផ្តល់ជូនក្រុមហ៊ុនតូយ៉ូតាផងដែរនូវកម្មវិធីរបស់ខ្លួន ដែលអាចគ្រប់គ្រងយានជំនិះបែបនេះបាន។
នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានឲ្យដឹងនៅក្នុងសុន្ទរកថាមួយថា “ខ្ញុំពិតជារីករាយណាស់ ដែលបានប្រកាសថាថ្ងៃនេះ ក្រុមហ៊ុន Toyota និងក្រុមហ៊ុន Nvidia នឹងចាប់ដៃគូជាមួយគ្នា ដើម្បីបង្កើតរថយន្ដ AVs ជំនាន់ក្រោយរបស់ពួកគេ។
លោក Huang បានបង្ហាញផែនការនេះក្នុងអំឡុងពេលសុន្ទរកថា របស់លោកមុនពេលបើកពិព័រណ៍ គ្រឿងអេឡិចត្រូនិកនៅទីក្រុង Las Vegas ។ ក្នុងឆ្នាំ២០១៧ ក្រុមហ៊ុន Nvidia បានឲ្យដឹងថា ក្រុមហ៊ុន Toyota បានយកបច្ចេកវិទ្យាឆ្លាតវៃសិប្បនិម្មិតរបស់ខ្លួន សម្រាប់រថយន្តដែលបើកបរដោយខ្លួនឯង ដើម្បីដាក់លក់នៅលើទីផ្សារ៕
ប្រែសម្រួល ឈូក បូរ៉ា