ព័ត៌មានអន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុន Nippon រិះគន់ការសម្រេចចិត្ត របស់លោក បៃដិន ក្នុងការរារាំងការទិញ យកក្រុមហ៊ុន ដែកថែបអាមេរិក

kyodo

តូក្យូ៖ នាយកប្រតិបត្តិក្រុមហ៊ុន Nippon Steel Corp លោក Eiji Hashimoto បានបរិហារការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ក្នុងការរារាំងការទិញយកក្រុមហ៊ុន United States Steel Corp. ដែលមានតម្លៃ ១៤,១ ពាន់លានដុល្លារ ដោយថាលោក ជឿថាការបញ្ជាទិញនេះ គឺមានហេតុផលនយោបាយ ហើយបានរំលឹកឡើងវិញថា ក្រុមហ៊ុននឹងព្យាយាមលុបចោល វានៅក្នុងប្រព័ន្ធតុលាការ។

លោក Hashimoto ដែលជាប្រធានក្រុមហ៊ុន Nippon Steel បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូថា “ការពិនិត្យឡើងវិញ លើកិច្ចព្រមព្រៀង ដោយគណៈកម្មាធិការ វិនិយោគបរទេស នៅសហរដ្ឋអាមេរិក មិនត្រូវបានធ្វើឡើងត្រឹមត្រូវនោះទេ ដោយសារការអន្តរាគមន៍ខុសច្បាប់ របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន យើងមិនអាចទទួលយករឿងនេះបាននោះទេ”។

ការកត់សម្គាល់នេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីក្រុមហ៊ុន Nippon Steel បានឲ្យដឹងថា ខ្លួនបានដាក់ពាក្យបណ្ដឹង ដើម្បីស្វែងរកការលុបចោលការ រារាំងរបស់លោក បៃដិន ដោយជំទាស់ថាប្រធានាធិបតី “មិនអើពើនឹងនីតិរដ្ឋ ដើម្បីទទួលបានការពេញចិត្ត” ជាមួយសហជីព United Steelworkers ដែលជាអ្នកគាំទ្រដ៏សំខាន់ នៃគណបក្សប្រជាធិបតេយ្យ របស់លោក ដែលបានប្រឆាំងនឹងការកាន់កាប់ដោយក្រុមហ៊ុនជប៉ុន។

លោក Hashimoto បានលើកឡើងថា បណ្តឹងនេះ នឹងបង្ហាញថា ការសម្រេចចិត្តរបស់លោក បៃដិន មិនត្រូវបានធ្វើឡើង ដោយហេតុផលសន្តិសុខជាតិ នោះទេ បើទោះបីជាមានការទទូចរបស់លោកផ្ទុយពីនេះក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោកបានបន្តថា “មានឱកាសដែលយើង អាចឈ្នះបាន ដោយបន្ថែមថាលោកមិនបានពិចារណា ជម្រើសណាមួយ ចំពោះផែនការទិញ យកបច្ចុប្បន្ននោះទេ” ។ លោក Hashimoto បានលើកឡើងពីតម្រូវការកើនឡើង សម្រាប់ដែកថែប យើងនឹងមិនបោះបង់ការបង្កើន ប្រតិបត្តិការនៅសហរដ្ឋអាមេរិករបស់យើងនោះទេ នេះជាវិធីដ៏ល្អបំផុតសម្រាប់យើង” ។

ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ក៏បានប្រឆាំងជាសាធារណៈ ចំពោះកិច្ចព្រមព្រៀង ដែលបានប្រកាសនៅក្នុងខែធ្នូ ឆ្នាំ២០២៣ ដោយក្រុមហ៊ុនផលិតដែកដ៏ធំបំផុតរបស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនផលិតដែកថែប របស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top