តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់មីស៊ីលផ្លោង ចុងក្រោយបំផុតរបស់កូរ៉េខាងជើង ខណៈពេលដែលបញ្ជាក់សារជាថ្មី អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ពួកគេ ជាមួយកូរ៉េខាងត្បូង។
ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងតូក្យូ លោក Iwaya និងលោក Blinken ក៏បានយល់ស្របថា រដ្ឋាភិបាលទាំងពីរ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីរក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ពួកគេ មុនពេលដែលប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។
ដោយបង្ហាញពីការដឹងគុណរបស់លោកចំពោះ លោក Blinken សម្រាប់ការរួមចំណែករបស់លោកក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងអំឡុងពេលកាន់តំណែងរយៈពេល ៤ ឆ្នាំរបស់លោក នៅក្នុងនោះដែរលោក Iwaya បានឲ្យដឹងនៅដើមដំបូងនៃកិច្ចពិភាក្សាថា លោកសង្ឃឹមថានឹងបន្តបង្កើនសម្ព័ន្ធភាពជប៉ុន-អាមេរិក ដល់កម្រិតខ្ពស់ថ្មីមួយទៀត ។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានបាញ់អ្វីដែលទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េផ្លូវការរបស់ខ្លួនបានអះអាងថា ជាប្រភេទមីស៊ីលល្បឿនលឿនជាងសំឡេងកម្រិតមធ្យម ដែលហោះបានចម្ងាយ ១៥០០គីឡូម៉ែត្រ ដោយជោគជ័យទៅកាន់គោលដៅ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ដោយសំដៅទៅលើការសាកល្បង កាំជ្រួចដោយទីក្រុងព្យុងយ៉ាង លោក Blinken បានឲ្យដឹងថា ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវបន្តកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដូចជាសន្តិសុខជាតិ និងសេដ្ឋកិច្ច សូម្បីតែបន្ទាប់ពីការ ផ្លាស់ប្តូរអំណាចនៅសហរដ្ឋអាមេរិកក៏ដោយ។ រដ្ឋមន្ត្រីទាំងពីរក៏បានសន្យាថា នឹងបង្កើនសមត្ថភាពរារាំង និងការឆ្លើយតបនៃសម្ព័ន្ធភាពរបស់ពួកគេ និងបានផ្លាស់ប្តូរទស្សនៈលើ បញ្ហាទាក់ទងនឹងប្រទេសចិន ក៏ដូចជាស្ថានភាពនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ៕
ប្រែសម្រួល ឈូក បូរ៉ា